ឡាវ បង្ហាញបំណងភ្ជាប់ផ្លូវដែកមកកាន់កម្ពុជា ស្របពេលរាជរដ្ឋាភិបាលបញ្ចេញគម្រោងភ័ស្តុភារកម្មក្នុងតម្លៃទុនជាង ៥០ពាន់លានដុល្លារ
សេដ្ឋកិច្ច September 16, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនកំពង់ផែស្ងួតដ៏ធំមួយនៅក្នុងប្រទេសឡាវ ឈ្មោះថា កំពង់ផែភ័ស្តុភារកម្មវៀងច័ន្ទ (Vientiane Logistice Park) អះអាងថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ន និងមាននីតិវិធីងាយស្រួល។

ការឱ្យដឹងពីគម្រោងនេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅកាន់ប្រទេសឡាវពីថ្ងៃទី១៤-១៥ ខែកញ្ញា។

អគ្គនាយកក្រុមហ៊ុនកំពង់ផែស្ងួតនេះ បានឱ្យដឹងថា កំពង់ផែស្ងួតដ៏ធំនៅក្នុងប្រទេសឡាវនេះ គឺជាការវិនិយោគដោយទុននៅក្នុងស្រុក ដែល មានទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការ តភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុបមានអាល្លឺម៉ង់ជាដើម។ គម្រោងនេះ នឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រ មានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិករដ្ឋសភា បានគាំទ្រចំពោះគម្រោងដែលមានចក្ខុវិស័យវែងឆ្ងាយនេះ និងបានថ្លែងថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ចនៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជា។

សូមបញ្ជាក់ថា ការបង្ហាញគម្រោងភ្ជាប់ផ្លូវដែករបស់ឡាវ មកកាន់កម្ពុជានេះ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ឆ្នាំ២០២១-២០៣០ ដោយមានគម្រោងត្រូវអនុវត្តរហូតដល់ជាង៣៣០គម្រោង ជាមួយនឹងទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យវិស័យភ័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតការងារធ្វើនៅកម្ពុជា។

ក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅ ក្រុងសៀមរាបដើមសប្តាហ៍នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម នឹងជួយដល់ការត ភ្ជាប់រំហូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសតាមដងទន្លមេគង្គមានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃប្រទេសចិន ប្រកបដោយភាពប្រកួតប្រជែងទាំងពេលវេលា និងការចំណាយទាបលើការដឹកជញ្ជូនទំនិញ៕

ប្រភព៖ ក្រសួងព័ត៌មាន