ក្រសួងសាធារណៈការដាក់ឱ្យដំណើរការស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្រុងសៀមរាប
សេដ្ឋកិច្ច September 15, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន រសៀលថ្ងៃ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដែលជាជំនួយរបស់កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារនិងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត ។

ឯឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ននេះស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការសហការចូលរួមឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា មានចំនួន៣ហើយ ក្នុងនោះមាននៅរាជធានីភ្នំពេញ, ក្រុងព្រះសីហនុ, ក្រុងសៀមរាប, និងគ្រោងដំណើរការនៅខេត្តបាត់ដំបងឆាប់ៗនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោះទុនវិនិយោគ ដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយប្រេងឥន្ធនៈឱ្យបានច្រើន។ ឯកឧត្តមបន្តថា UNDP បានផ្ដល់ម៉ូតូអគ្គិសនីចំនួន៣០គ្រឿងមក ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ហើយរាជរដ្ឋាភិបាលក៏ត្រៀមទិញ៥០ គ្រឿងបន្ថែមទៀតដើម្បីប្រើប្រាស់ នៅក្រសួងសារធារណការ។

ឯកឧត្តមបញ្ជាក់ថា ស្ថានីយញ្ចូលថាមពលអគ្គិសនី បច្ចុប្បន្ននៅតិចតូចនៅឡើយ ខណៈរថយន្តដើរដោយថាមពលអគ្គិសនី កំពុងមានការកើនឡើងច្រើន ក្នុងរយៈពេល ៧ខែឆ្នាំ ២០២២ ក្រសួងសារធារណការ បានចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន៣០៥គ្រឿង មានការកើនឡើងជាង ១ ៨០០ភាគរយ បើប្រៀបធៀបឆ្នាំ២០២១ មានតែ ១៦គ្រឿង។ ការប្រើប្រាស់រថយន្តអគ្គិសនី ផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា អត្រាពន្ធនាំចូលប្រមាណត្រឹមតែ ៦០ភាគរយ ប្រៀបធៀបជាមួយរថយន្តថាមពលឥន្ធនៈ គឺធូរថ្លៃច្រើន និងចំណាយតិច ព្រមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាដើម ៕

ប្រភព៖ ក្រសួងព័ត៌មាន