អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តម្លៃជាង ៨០០លានដុល្លារ សម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយ
សេដ្ឋកិច្ច September 13, 2022 Khmernote

យោងតាមការដកស្រង់ការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គិតមកទល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២២ នេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលកំពុងសាងសង់ថ្មី សម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយ។

វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានបង្ហាញនៅក្នុងឱកាសដឹកនាំក្រុមការងារធ្វើទស្សនកិច្ច និងពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីដែលកំពុងសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប របស់ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

គួរបញ្ជាក់ផងដែរថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (AIAI) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន