ឥណ្ឌូណេស៊ី​ ពិចារណា​ទិញ​ប្រេង​ពី​រុស្ស៊ី ខណៈ​តម្លៃ​ប្រេងនៅក្នុងប្រទេស​ឡើង​ថ្លៃខ្លាំង
សេដ្ឋកិច្ច September 12, 2022 Khmernote

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កំពុងពិចារណាចូលរួមជាមួយឥណ្ឌា និងចិនក្នុងការទិញប្រេងពីរុស្ស៊ី ដើម្បីទូទាត់សម្ពាធកើនឡើងនៃថ្លៃថាមពល។ លោក Widodo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅពេលគាត់ត្រូវបានសួរថា តើប្រទេសឥណ្ឌូនេស៊ីនឹងទិញប្រេងពីរុស្ស៊ីដែរឬទេ? គាត់ថា ឥណ្ឌូនេស៊ីតែងតែតាមដានគ្រប់ជម្រើសទាំងអស់ បើមានប្រទេសណាផ្ដល់តម្លៃល្អ យើងនឹងទិញ។

គួររម្លឹកថា កាល​ពី​ខែ​សីហា រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក Sandiaga Uno បាន​និយាយ​ថា ឥណ្ឌូណេស៊ី​ត្រូវ​បាន​ផ្តល់​ប្រេងឆៅ​ពី​រុស្ស៊ី​ក្នុង​ការ​បញ្ចុះ​តម្លៃ ៣០%។ បន្ទាប់​ពី​រឿងនេះ ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ Pertamina បាន​និយាយ​ថា ខ្លួន​កំពុង​ពិនិត្យ​មើល​ហានិភ័យ​នៃ​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី។

យ៉ាងណាមិញ កាលពីដើមខែនេះ លោក Widodo បានដំឡើងថ្លៃប្រេងឥន្ធនៈដែលបានឧបត្ថម្ភធនចំនួន ៣០ភាគរយ ហើយបាននិយាយថា ការដំឡើងថ្លៃគឺជា “ជម្រើសចុងក្រោយ” របស់គាត់ ដោយសារតែសម្ពាធសារពើពន្ធ ដែលបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសដែលមានប្រជាជន ២៧០លាននាក់៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ freemalaysiatoday, straitstimes, thestar