សារព័ត៌មាន vietnamplus បានចុះផ្សាយថា វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានក្នុងស្រុករបស់កម្ពុជាមួយដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។
សារព័ត៌មានបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ កើនឡើងបីដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលបានកត់ត្រាមុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រជាជនកម្ពុជាភាគច្រើនបានទៅលេងប្រទេសវៀតណាម ជាលក្ខណៈទេសចរណ៍ សេវាវេជ្ជសាស្ត្រ ដំណើរទស្សនកិច្ចជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មតាមតំបន់ព្រំដែនរួម។
ជាក់ស្ដែងប្រជាជនកម្ពុជាជាង ៨០,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីខែមករាដល់ខែសីហា ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រជាជាតិអាស៊ាន។ ជាមួយគ្នានេះ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរ សម្រាប់ការទទួលភ្ញៀវកម្ពុជាមានចំនួន ៦៨,០០០នាក់ បន្ទាប់មកប្រទេសថៃ មានចំនួន ៦១,០០០ និងម៉ាឡេស៊ី ចំនួន ៥៣,០០០៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ quoracdn, vncdn, vnecdn.net, vietnamplus


