រដ្ឋបាលជលផល នឹងបង្កើនការផលិតត្រីឱ្យបានជិត ១លានតោននៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស
សេដ្ឋកិច្ច September 7, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលជលផល បង្កើនការផលិតត្រីឱ្យបានជិត ១លានតោននៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ពិសេសសម្រេចឱ្យបាននូវផែនការថ្នាក់ជាតិក្នុងការអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជា។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ វារីវប្ប កម្មនៃរដ្ឋបាលជលផលបានមានប្រសាសន៏ថា ដើម្បីឱ្យវិស័យវារីវប្បកម្មនៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់នោះ នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនវារីវប្បករនៅទូទាំងប្រទេសកម្ពុជា ទាំងកសិដ្ឋានភ្ញាស់ផលិតកូនត្រីពូជកសិដ្ឋានចិញ្ចឹមត្រីទាំងទ្រង់ទ្រាយតូចនិងមធ្យមដោយធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យពួកគាត់ទទួលបានបច្ចេកទេសត្រឹមត្រូវក្នុងការជម្នះលើបញ្ហាជំងឺត្រីនិងរបៀបគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រីឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានបរិមាណខ្ពស់និងស្របតាមស្តង់ដារទីផ្សារជៀសវាងការប្រើប្រាស់ចំណីដែលមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។

លោកបន្តថា បច្ចុប្បន្នវិទ្យា ស្ថានក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកំពុងតែខិតខំផលិតមេពូជដែលមានគុណភាពល្អនិងធ្វើការបង្កាត់ពូជដែលលូត លាស់ល្អធន់នឹងជំងឺរួចយកទៅផ្សព្វផ្សាយក្នុងការចិញ្ចឹមនៅប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីស្របតាមគោល ការណ៍ថ្នាក់ជាតិសម្រេចនៅឆ្នាំ២០៣០ កម្ពុជាផលិតត្រីឱ្យបានជិត ១លានតោនសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស ។

«ផែនការយុទ្ធ សាស្ត្រជាតិអភិវឌ្ឍន៍វារីវប្ប កម្មរបស់យើងគឺជាត្រីវិស័យសម្រាប់ឱ្យរដ្ឋបាលជលផលត្រូវប្រកាន់ភ្ជាប់នូវផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យវារីវប្បកម្មឆ្នាំ២០១៦ _២០៣០ដែលយើងត្រូវផលិតត្រីយ៉ាងតិចនៅឆ្នាំ ២០៣០ឱ្យបានជិត១លានតោនចេញពីផលវារីវប្បកម្មរបស់យើងនឹងត្រូវផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជារបស់យើង។ ដូច្នេះយើងមានឱកាសច្រើនពង្រីកនៃការផលិតការចិញ្ចឹមត្រីរបស់យើងឥឡូវនេះយើងបានខិតខំផ្សព្វផ្សាយការចិញ្ចឹមត្រីនៅតាមតំបន់ដី សណ្តទន្លេមេគង្គកម្ពុជាដែលយើងឃើញមាននៅខេត្តតាកែវ ព្រៃវែង និងខេត្តកណ្ដាល ដែលជាខេត្តមួយនៅជាប់ទន្លេមេគង្គក្រោមនិងទន្លេបាសាក់ដែលខេត្តទាំងបីនេះគឺមានលក្ខណៈអំណោយ ផលល្អដែលមានប្រភពទឹកល្អនិងងាយស្រួលក្នុងការទាញទឹកយកមកប្រើប្រាស់»។

លោកបញ្ជាក់ថា កន្លងមកបើធ្វើការប្រៀបធៀបរវាងផលចាប់ពីធម្មជាតិនិងការធ្វើវារីវប្បកម្ម គឺផលវារីវប្បកម្មបានចូលរួមតិចតួចណាស់។ ដោយឡែកបច្ចុប្បន្នវារីវប្បករជាច្រើនបានវិវត្តន៍ខ្លួនពីការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារមកចិញ្ចឹមត្រីជាលក្ខណៈពាណិជ្ជកម្មជាហូរហែ ទើបធ្វើឱ្យផលត្រីចេញពីវារីវប្បកម្មមានរហូតដល់ជាង៤០០ពាន់តោនក្នុង ១ឆ្នាំ ខណៈផលត្រីដែលទទួលបានសរុបក្នុង១ ឆ្នាំរង្វង់ជាង៨០០ពាន់តោន ដូច្នេះបរិមាណចិញ្ចឹមស្មើនឹងពាក់កណ្តាលនៃផលចាប់ពីធម្មជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន