រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើចំណុចមួយចំនួន ដើម្បីដោះស្រាយការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស
សេដ្ឋកិច្ច September 6, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មបានពិភាក្សា និងស្នើសុំកិច្ច សហការជាមួយភាគីអូស្ត្រាលីលើចំណុចសំខាន់មួយចំនួនដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស រួមមាន ៖ ស្នើពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធន់នឹងការបម្រែបម្រួលអាកាសធាតុ ,ពង្រឹង និងការកសាងធនធានមនុស្សបន្តទៀត , គាំទ្រឱ្យមានកិច្ចសហ ការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើន លើខ្សែច្រវាក់ផលិតកម្មកសិ កម្ម ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម , គាំទ្រគម្រោងអភិវឌ្ឍន៍លើចង្វាក់តម្លៃលើវិស័យកសិកម្ម។

ការស្នើបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសំដែងការ គួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបគណៈ ប្រតិភូជ្រាបថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្កានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួនបានផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសប្រទេសជិតខាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្មមួយចំនួនទៀតដែលមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឱ្យនាំចូលពីបរទេសបន្ថែម។

ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្ត បន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦.២លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។

ឯកឧត្តមបានបន្តទៀតថា ទោះជាយ៉ាងនេះក្តី ប៉ុន្តែក៏នូវមានកង្វះខាតនៃផលិតផលមួយចំនួន ជាពិសេសបន្លែ និងជ្រូកសាច់ ត្រីនៅតែមានតម្រូវការនាំចូលក្នុងកម្រិតតិចតួច។

ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ច សហការទាំងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យ ACIAR ពិនិត្យលទ្ធភាពរៀបចំតំណាងការិយាល័យ ACIAR នៅកម្ពុជា ដោយក្រសួងកសិកម្មនឹងគាំទ្រទីតាំងការិយាល័យតំណាងនៅក្រសួងផ្ទាល់។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី លោកសាស្ត្រាចារ្យ Andrew Campbell និងឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពគ្នា នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា- អូស្ត្រាលី កាន់តែមានចំណង មិត្តភាព និងកាន់តែរឹងមាំសម្រាប់បច្ចុប្បន្ន និងអនាគត ៕

ប្រភព៖ ក្រសួងព័ត៌មាន