ថៃ កំពុងពិចារណាដំឡើងថ្លៃតាក់ស៊ី​នៅ​ទីក្រុងបាងកក​ ​ចាប់ពី​ខែតុលា​ខាងមុខនេះ
សេដ្ឋកិច្ច September 5, 2022 Khmernote

ថ្លៃឈ្នួលតាក់ស៊ីនៅទីក្រុងបាងកក អាចនឹងកើនឡើងនៅចុងឆ្នាំនេះ ដោយសារក្រសួងដឹកជញ្ជូនកំពុងពិចារណាសំណើដែលដាក់ដោយក្រុមអ្នកបើកតាក់ស៊ី និងប្រតិបត្តិករសេវាកម្មចំនួនបួនក្រុម។ លោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន បាននិយាយថា ការឡើងថ្លៃដែលបានស្នើឡើងនេះ នឹងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកបើកបរតាក់ស៊ី ម្ចាស់អាជីវកម្ម និងអ្នកដំណើរដែលត្រូវយកមកពិចារណាជាចម្បង។

តាមការស្នើសុំ ក្រុមតាក់ស៊ីចង់ឱ្យតម្លៃសំបុត្រចាប់ផ្តើមសម្រាប់គីឡូម៉ែត្រដំបូងត្រូវដំឡើងដល់ ៤៥ បាត (ប្រមាណ ១.២៣ដុល្លារ) ពី ៣៥បាត (ប្រមាណ ០.៩៦ដុល្លារ )ក្នុងពេលបច្ចុប្បន្ន និង ១០បាត (ប្រមាណ ០.២៧ដុល្លារ) សម្រាប់គីឡូម៉ែត្របន្តបន្ទាប់គ្នាពី ៥.៥០ បាត (ប្រមាណ ០.១៥ ដុល្លារ)។ ចំពោះពេលដែលរថយន្តកុងតឺន័រជាប់គាំងក្នុងចរាចរណ៍ ឬផ្លាស់ទីយឺតជាង ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ពួកគេចង់ឱ្យការគិតថ្លៃកើនឡើងដល់ ៥ បាត (ប្រមាណ ០.១៤ដុល្លារ)ក្នុងមួយនាទីពី ១.៥០បាត (ប្រមាណ ០.០៤ដុល្លារ) ក្នុងពេលបច្ចុប្បន្ន។ លើសពីនេះ ពួកគេក៏ចង់ឱ្យតម្លៃបន្ថែម ៥០បាត (ប្រមាណ ១.៣៧ដុល្លារ )សម្រាប់ការជិះទៅនិងមកពីអាកាសយានដ្ឋានដុនមឿង និងសុវណ្ណភូមិរបស់ទីក្រុងបាងកកត្រូវដំឡើងដល់ ៧៥បាត (ប្រមាណ ២.០៥ ដុល្លារ)សម្រាប់តាក់ស៊ីធម្មតា និងដល់ ៩៥បាត (ប្រមាណ ២.៦០ ដុល្លារ) សម្រាប់តាក់ស៊ីធំ។

ទោះបីជាយ៉ាងនេះក្ដី អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន បាននិយាយថា “ការដំឡើងថ្លៃនេះ នឹងត្រូវមកជាមួយនឹងសេវាកម្មដែលប្រសើរឡើងសម្រាប់អ្នកដំណើរ”។ លោកក៏បានបន្ថែមថា ព័ត៌មានលម្អិតស្តីពីការដំឡើងថ្លៃឈ្នួលតាក់ស៊ី នឹងចេញនៅក្នុងខែតុលា ចំពេលសម្រាប់ការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាទូទាំងប្រទេសចំនួន ៥-៨% ដែលនឹងត្រូវបានអនុវត្តនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ ggpht.com, chiangraitimes, thaiembassy, bangkokpost