Starbucks ប្រកាសតែងតាំង CEO ថ្មី ដែលជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា
សេដ្ឋកិច្ច September 5, 2022 Naren

(អន្តរជាតិ)៖ ថ្មីៗនេះ Starbucks បានជ្រើសរើសលោក Laxman Narasimhan ជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា ជានាយកប្រតិបត្តិបន្ទាប់របស់ខ្លួន។ លោកនឹងចូលកាន់តំណែងជាអ្នកដឹកនាំរបស់ក្រុមហ៊ុនកាហ្វេយក្សនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ លោក Narasimhan នឹងក្លាយជា CEO ចូលបម្រើការងារនៅ Starbucks នៅថ្ងៃទី ១ ខែតុលា។ គាត់នឹងចាប់ផ្តើមតួនាទីរបស់គាត់ជាផ្លូវការនៅខែមេសា ឆ្នាំ២០២៣ ហើយបន្ទាប់មកគាត់នឹងចូលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ។ ផែនការផ្លាស់ប្តូររបស់ CEO រួមមានការការចាប់ផ្តើមយុទ្ធសាស្រ្តថ្មី កែលម្អយ៉ាងខ្លាំងនូវបទពិសោធន៍បុគ្គលិក និងការរៀបចំហាងឡើងវិញ។

Narasimhan មុនពេលចូលរួមជាមួយ Starbucks ក៏ជានាយកប្រតិបត្តិរបស់ Reckitt Benckiser ដែលជាក្រុមហ៊ុនផលិតផលិតផលសុខភាព និងអនាម័យដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ផលិតផលរបស់ក្រុមហ៊ុនរួមមាន ស្រោមអនាម័យ Durex, Lysol និង Mucinex ជាដើម។ លោកក៏ធ្លាប់បានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើននៅក្រុមហ៊ុន PepsiCo (PEP) ដូចជានាយកពាណិជ្ជកម្មពិភពលោក៕

ប្រភព៖ CNN

រូបភាព៖ AP, Getty Images និង stories.starbucks