បើកឆាកខែថ្មីភ្លាម កម្ពុជាទទួលបានគម្រោងវិនិយោគធំៗចំនួន មានទាំងរោងចក្រ សហគ្រាស និងមន្ទីរពេទ្យ
សេដ្ឋកិច្ច September 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ដែលសរុបទុនវិនិយោគប្រមាណ ៨២.៧០លានដុល្លារ និងបង្កើតការងារថ្មីចំនួន ១.៩១៨ កន្លែង។

យោងតាមផេកហ្វេកបុកផ្លូវការបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុម ហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចជា

១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ ជាតិលេខ៥១ ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ត កណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៧កន្លែង។

២-KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង ។

៣-SAMANEA CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។

៤-LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

៥-HEN JIU GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៣កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន