ស្រីលង្កា នឹងទទួលបានកម្ចីជិត ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន
សេដ្ឋកិច្ច September 3, 2022 Khmernote

ប្រទេសស្រីលង្កាដែលកំពុងរងគ្រោះដោយវិបត្តិ បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ប្រាក់កម្ចីប្រហែល ២.៩ ពាន់លានដុល្លារ នេះបើយោងតាមអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍។

សេចក្ដីថ្លែងការណ៍បាននិយាយថា៖ “គោលបំណងនៃកម្មវិធីគាំទ្រដោយមូលនិធិថ្មីរបស់ប្រទេសស្រីលង្កា គឺដើម្បីស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនិរន្តរភាពបំណុល” ដោយបានគូសបញ្ជាក់អំពីការរៀបចំរយៈពេល ៤៨ខែក្រោមមូលនិធិបន្ថែមរបស់ IMF ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ថ្នាក់​គ្រប់គ្រង​របស់ (IMF) និង​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ខ្លួន ហើយ​ត្រូវ​បាន​អាជ្ញាធរ​ស្រីលង្កា​បន្ត​តាម​ដាន​ជាមួយ​នឹង​វិធានការ​ដែល​បាន​ព្រមព្រៀង​ពីមុន។

គួរឱ្យដឹងថា ប្រទេសស្រីលង្កា បាននឹងកំពុងស្វែងរកប្រាក់កម្ចីរហូតដល់ ៣ពាន់លានដុល្លារពី IMF ក្នុងគោលបំណងដើម្បីគេចចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ក្នុងនោះប្រទេសស្រីលង្កាបានប្រឈមមុខ នឹងការខ្វះខាតប្រេងសាំង និងទំនិញមូលដ្ឋានដ៏ទៃទៀតជាច្រើនខែ ដែលធ្វើឲ្យប្រទេសនេះស្ថិតក្នុងភាពចលាចលនយោបាយ និងរងការវាយប្រហារដោយអតិផរណា ដែលឥឡូវនេះមានស្ទើរតែ ៦៥%ទៅហើយធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ googleapis.com, newswav, .cloudinary