កម្ពុជា ស្នើឱ្យភាគីធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាផ្ដល់ការគាំទ្រកម្ពុជា តាមរយៈការផ្ដល់ជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់សកម្មភាពនានា
សេដ្ឋកិច្ច September 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យភាគីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាផ្ដល់ការគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់សកម្មភាពនានា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជានៅតែបន្ដជួបប្រទះ ។

ការស្នើបែបនេះរបស់ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សា ការងារទ្វេភាគីជាមួយលោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។

ឯកឧត្តមបានថ្លែងថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមាន ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះក៏ដោយ ក៏កម្ពុជានៅតែបន្ដជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា៖ ១) ភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសមួយចំនួននៅបន្ដអនុវត្តវិធានការសុខាភិបាល តឹងតែង និងការកម្រិតលទ្ធភាពនៃការធ្វើដំណើរ ២) ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់​ដល់ ខ្សែ ច្រវាក់ ផ្គត់ផ្គង់ជាសកល ពិសេសធ្វើឱ្យថ្លៃប្រេងនិងវត្ថុធាតុដើមចាំបាច់មួយចំនួនមានការរកើនឡើង ៣) កង្វះខាតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាននិងទំនាក់ទំនង (ICT) ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្ម ឌីជីថល ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគី ADB ពិចារណាផ្ដល់ការ គាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់សកម្មភាពនានា រួមមាន ៖ ការរៀបចំគោលនយោបាយយុទ្ធសាស្ដ្រសម្រាប់ការស្ដារឡើងវិញនូវខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់ និងសកល ការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ ការគាំទ្រសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល និងការពង្រឹងសមត្ថភាពនិងជំនាញ ក្នុងការចរចាពាពាណិជ្ជកម្មសេរីសម្រាប់មន្ដ្រីកម្ពុជា តាមរយៈវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និង ស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងឆ្នាំ ២០២១ បានកើនឡើងប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ ៥,៨% ធៀបនឹងឆ្នាំ២០២០។ ជារួមទំហំពាណិជ្ជកម្មកម្ពុជាបានកើនឡើងក្នុងអត្រា ២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១ និងមានការកើនឡើងក្នុងអត្រា ២៦% ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ។ ដោយឡែក ចំពោះវិស័យវិនិយោគវិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន ៤៧ គម្រោង ដែលមានដើមទុនសរុបប្រមាណ ២,៥ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ ១៤,២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ គម្រោងវិនិយោគទាំងនោះផ្ដោតលើ គម្រោងសាងសង់មជ្ឈមណ្ឌលភស្ដុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី ការផលិតសំបកកង់ឡាន សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ ការដាំដុះចេកនិងផ្លែឈើផ្សេងៗ រោងចក្រដំឡើងរថយន្ដ និង មន្ទីរពេទ្យ ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន