បន្ទាប់ពី នំអន្សមជ្រូកខ្មែរ ខេត្តស្ទឹងត្រែងសម្រេចយក “ដូងក្រអូប” ដាក់បញ្ចូលជាផលិតផល “ភូមិមួយមានផលិតផលមួយ”
សេដ្ឋកិច្ច September 2, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រុកសេសាន ខេត្តស្ទឹងត្រែង មានផលិតផលដូងក្រអូបមួយមុខទៀត សម្រាប់ដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ក្នុងពេលដែលគណកម្មាធិការស្តារអភិវឌ្ឍន៍វិស័យកសិកម្ម លើកទឹកចិត្ត ឱ្យកសិករដាំដំណាំឈើហូបផ្លែជាយុទ្ធសាស្ត្រឱ្យបានច្រើនមុខជាលក្ខណ:គ្រួសារ។

ក្នុងកម្មវិធីដឹកនាំកសិករចុះធ្វើកម្មសិក្សាលើដំណាំឈើហូបផ្លែ នៅភូមិញើញ ឃុំស្តៅ កន្លងមកនេះ លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ កសិករត្រូវមកសិក្សាបច្ចេក ទេសផ្នែកដាំដុះដំណាំឈើហូបផ្លែពីគ្នាទៅវិញទៅមក ដោយមិនបាច់ទៅរៀនឆ្ងាយពីមូលដ្ឋានដែលយើងរស់នៅនេះទេ ព្រោះនៅក្នុងភូមិនេះមានកសិករគំរូដាំដូងក្រអូបទទួលបានផលល្អ ជាផ្នែកមួយបានជួយលើកកម្ពស់សេដ្ឋកិច្ចប្រចាំគ្រួសារ និងប្រកបដោយជោគជ័យដែលមិននឹកស្មានដល់។

លោកអភិបាលស្រុកបន្តថា៖ ដំណាំឈើហូបផ្លែមួយមុខនេះ អាជ្ញាធរស្រុករៀបចំដាក់ បញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយសម្រាប់លើក ទឹកចិត្តកសិករផ្សេងៗទៀត ឱ្យងាកមកមើលដំណាំសក្តានុពលនេះ បន្ទាប់ពី ទុរេន -មៀន- សាវម៉ាវ-ក្រូច គឺមានដូងក្រអូបមួយមុខទៀតងាយ ស្រួលដាំ។

“ស្រុកសេសានមានបំណងចង់ដាក់ផលិត ផលកសិផល ផលិតផលមួយនេះគឺជាសម្រាប់ធ្វើការប្រកួត ប្រជែងក្នុងការកំណត់អត្ត សញ្ញាណ ធ្វើជាភូមិមួយផលិតផលមួយ ដែលរាជរដ្ឋាភិបាលកំពុងតែលើកទឹកចិត្តឱ្យប្រជាកសិករទាំងអស់ខិតខំផលិត ទាំងដំណាំ ទាំងឈើហូបផ្លែដើម្បីកំណត់អត្តសញ្ញាណនៅក្នុងភូមិឃុំនីមួយៗ”។

លោកសយ សុជា ម្ចាស់ចម្ការដូងក្រអូបបានសាទរចំពោះការគិតគូរពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រោះការដាក់ផលដូងក្រអូបនេះបញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយបានជំរុញឱ្យមានការលើកកម្ពស់ផ្នែកទីផ្សារ តែបច្ចុប្បន្នកសិករនៅឃុំស្តៅ ផលិតបានផលកសិកម្មហើយលំបាកផ្លូវដឹកចេញទៅកាន់ទីផ្សារតែប៉ុណ្ណោះ។ លោកបន្តថា៖ដូងក្រអូបមានរសជាតិផ្អែមឆ្ងាញ់ អតិថិជននិយមទិញទៅបរិភោគ និងយកទៅលក់បន្ត ដែលបានជំរុញឱ្យលោកកាន់ តែមានកម្លាំងចិត្តក្នុងការពង្រីកការដាំដុះបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។

សំឡេង ៖ “ឆ្នាំក្រោយអាចពង្រីកថែម ថែមទៅក្រោយបានមួយពាន់ដើមទៀត ហើយយកពូជរបស់ថៃម្ដង។ ពូជខ្លួនឯងវាមាន តែគេមិនឱ្យយកពូជខ្លួនឯងដាំដីខ្លួនឯងទេ ព្រោះខ្លាចវាក្លាយទៅជាអត់ក្រអូបវិញអាហ្នឹងវាអ៊ីចឹង”។

លោកស្រីមាសសុខណាលក់ចំណីអាហារនិងផ្លែឈើនៅក្នុងក្រុងស្ទឹងត្រែងបានគាំទ្រការខិតខំប្រឹងប្រែងនេះ ព្រោះកាលណាកសិករ ដាំដំណាំឈើហូបផ្លែមានគុណភាពល្អ បានបរិមាណច្រើន យើងមានផលកសិកម្មក្នុងស្រុកស្រួលលក់ដូរ ហើយអតិថិជននិយមទិញបរិភោគ ដោយសារតែពួកគាត់ដឹងពីប្រភពនាំចូលច្បាស់លាស់បរិភោគទៅមិនប៉ះពាល់សុខភាព។

សូមបញ្ជាក់ថា៖ ដំណាំដូងក្រអូបកសិករនៅភូមិញើន ឃុំស្តៅ ស្រុកសេសានដាំបាន១.២០០ដើម នៅលើផ្ទៃដីជាង៣ហិកតា ក្នុងនោះកំពុងទទួលផល ៨០០ដើម នាំចេញមកលក់នៅទីផ្សារស្ទឹងត្រែងមួយផ្លែ២.០០០ រៀល ហើយកសិកររូបនេះនិងពង្រីកការដាំដុះបន្ថែមចំនួន ១.០០០ដើមទៀត នៅខែ មករាដើមឆ្នាំ២០២៣ ខាងមុខនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន