ដំណឹងល្អ! ចិន អនុញ្ញាតឱ្យកម្ពុជានាំចេញពោតចូលទីផ្សាររបស់ខ្លួនដោយផ្ទាល់ជាផ្លូវការហើយ
សេដ្ឋកិច្ច August 31, 2022 Khmernote

យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែសីហា បានបញ្ជាក់ថា ដំណាំពោតនៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ពោលគឺភាគីចិន បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញដំណាំពោតពីកម្ពុជា ទៅកាន់ទីផ្សារជាផ្លូវការក្នុងឆ្នាំ២០២២នេះ។​

ស្ថានទូតចិនបានបញ្ជាក់ថា «នាថ្ងៃទី២៧ ខែសីហា រដ្ឋបាលគយប្រទេសចិន បានផ្សព្វ ផ្សាយបញ្ជីឈ្មោះក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជា ទៅកាន់ប្រទេសចិន មានន័យថា ដំណាំពោតនៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន»។​

ស្ថានទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា បានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។​ថ្មីៗនេះ ភាគីចិនបានបង្កើនចំនួននាំចេញកសិផលរបស់កម្ពុជា សម្រាប់ការនាំ ចេញកាន់តែច្រើន ទៅកាន់ទីផ្សារចិនដោយផ្ទាល់ ដែលពីពេលមុនកសិផលទាំងនេះ បាននាំចូលទៅប្រទេសទី៣សិន បន្ទាប់មកទើបនាំចេញបន្តទៅប្រទេសចិន។

​គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បច្ចុប្បន្ន ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញទៅ ប្រទេសចិនរួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ ហើយផ្ទៃដីដាំដុះពោតក្រហមមានប្រមាណ ១៤ម៉ឺនហិកតា និងមានទីផ្សារនាំចេញទៅ ក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ និងបង់ក្លាដែសជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន