យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលខិតខំប្រឹង ប្រែងអភិវឌ្ឍន៍វិស័យផ្លូវដែកឱ្យកាន់តែទំនើប ដើម្បីមានភាពងាយស្រួលក្នុងការដឹក ទំនិញដោយមិនកកស្ទះចរាចរណ៍ផ្លូវគោកនិងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ។
លោក អ៊ុក អ៊ួក ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពមួយក្នុងការដឹកជញ្ជូនប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការដឹកជញ្ជូនកាន់តែប្រសើរឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋរីចម្រើនឡើង។
លោកបានបន្តថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសជិតខាងក្នុងតំបន់ក៏បានរួម ចំណែកដល់ការជំរុញពាណិជ្ជ កម្មនិងលើកស្ទួយកម្រិតជីវ ភាពប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយធូរធារ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងឆាប់រហ័ស។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ឱ្យមានភាពល្អប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីពង្រឹងវិសាលភាពតភ្ជាប់ក្នុងតំបន់ ដែលជាគោលដៅចម្បងនៃការតភ្ជាប់នូវប្រព័ន្ធភស្តុភារកម្មដ៏រស់រវើក ដែលតភ្ជាប់នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ។
« រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរៀបចំទៅតាមផែនការមេ ដែលបានរៀបចំហើយ ការកសាងផ្លូវដែកល្បឿនលឿនថ្មីៗ ក៏ដូចភ្ជាប់ទៅបណ្តាខេត្តដ៏ទៃ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចភ្ជាប់ទៅប្រទេសជិតខាងយើងប្រទេសវៀតណាម ថៃ ។ យើងនឹងមានផែនការកសាងផ្លូវដែកដើម្បីភ្ជាប់ទៅបណ្តាប្រទេស ជិតខាងដើម្បីងាយ ស្រួលនឹងរៀបចំបណ្តើរៗ ការបង្កើនល្បឿន រថយន្តភ្លើង ក្រសួងសាធារណការរបស់យើងក៏ខិតខំ រៀបចំកម្រិត ល្បឿនឡើងវិញ ដោយធ្វើការផ្លាស់ប្តូរ និងកសាងគ្រឹះផ្លូវដែកថ្មី ដើម្បីធ្វើចរាចរណ៍ ខ្សែរថភ្លើង រៀបចំបំពាក់នូវ ប្រព័ន្ធការពារខ្លះៗក៏ដូចជាភ្លើងសញ្ញា ចំណុចផ្លូវសំខាន់ៗ ដើម្បីឱ្យបងប្អូនប្រជាពល រដ្ឋកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថភ្លើង» ។
សូមបញ្ជាក់ថា ផ្លូវដែកភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយ ប៉ែត ព្រំដែនកម្ពុជា -ថៃ ហើយត្រូវបានសាងសង់និងដំណើរ ការចន្លោះឆ្នាំ១៩២៩ដល់ឆ្នាំ១៩៤២។ ផ្លូវដែកភាគខាងត្បូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៩ និងមានប្រវែងសរុប ២៦៤ គីឡូម៉ែត្រ៕


ប្រភព៖ ក្រសួងព័ត៌មាន


