ទំនប់មួយ នៅខេត្តសៀមរាប ក្រៅពីជាប្រព័ន្ធធារាសាស្ត្រ ក៏បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិមួយ គួរឲ្យទាក់ទាញ សម្រាប់វិស័យទេសចរណ៍
ទេសចរណ៍ August 26, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំបន់ខ្សាក គឺជាប្រព័ន្ធធារាសាស្ត្រមួយសម្រាប់ធ្វើការស្រោចស្រពដំណាំកសិកម្ម និង បម្រើ ឱ្យការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃហើយក្រៅពីនោះទំនប់ខ្សាក ក៏បានក្លាយជាតំបន់ទេសចរណ៍ បែបធម្មជាតិមួយ ដែលមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនិយមទៅលេងកម្សាន្តផងដែរ។

លោក អ៊ូ បុត្រ ប្រធានសហគមន៍ប្រព័ន្ធធារាសាស្ត្រទំនប់ខ្សាក បានឱ្យដឹងថា ទំនប់ខ្សាក មានទីតាំងក្នុង ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើមឡើយទីនោះ ជាសំណង់ចាស់ ពីសម័យបុរាណ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំកសាងជាថ្មីនៅក្នុងឆ្នាំ២០១៨ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋនៅជុំវិញនោះ លើវិស័យកសិកម្ម។

លោកបន្តថា ក្រោយពេលកសាងរួចរាល់ ដោយសារមានអំណោយផលល្អពីធម្មជាតិ គឺមានភ្ញៀវទេសចរចូល មកលេងកម្សាន្តមិនចេះដាច់។ លោកបន្តទៀតថា ទំនប់ខ្សាក មានទេសភាពស្រស់ស្អាត ពណ៌បៃតងខ្ចីទាំងរដូវប្រាំងនិងរដូវវស្សា ទេសភាព ជួរភ្នំព័ទ្ធជុំវិញផ្ទៃទំនប់ អ្នកទេសចរអាចជិះទូកកម្សាន្ត ជាពិសេសមានខ្ចុះបណ្តែតទឹក អាចអង្គុយលេងយ៉ាង សប្បាយរីករាយ។

បងប្អូនក្នុងតំបន់នេះ គាត់បានទទួលផលប្រយោជន៍ខ្លះដែរពីភ្ញៀវទេសចរ ខ្លះលក់អីវ៉ាន់ ខ្លះលក់ដូរអីទៅ ក៏បានប្រាក់ខ្លះទៅ ខ្លះក៏មានរបរការងារផ្សេងក៏អត់ទៅ ទំនប់ខ្សាកក៏មានទេសភាពស្អាតដែរ មានភ្នំព័ទ្ធជុំវិញ មើលទៅគួរឱ្យមានអារម្មណ៍គយគន់ មានអារម្មណ៍ចង់ទៅទស្សនាកម្សាន្តដែរ បើទឹកមាន អាងស្តុកទឹកនៅទីនោះឯង អាចជិះទូកលេងបាន គេមានដាក់ខ្ចុះបណ្តែតទឹក មាននៅទីនោះ ។សូមជម្រាបថា ទំនប់ខ្សាក ស្ថិតក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ក្រោយពេលអាជ្ញាធរ ធ្វើការសាងសង់ ឡើងវិញរួចរាល់ក្នុងឆ្នាំ២០១៨មក ទំនប់នេះអាចស្តុកទឹកបានប្រមាណ៣លានម៉ែត្រគុប ប្រជាពលរដ្ឋចំនួន ៣១២គ្រួសារ ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទឹក ជាពិសេសអាចប្រកបការងារកសិកម្មលើទំហំផ្ទៃដី ជាង២០០ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន