អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ម្សិលិមិញនេះ បានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧.១ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយ។
បើតាមអ្នកនាំពាក្យរូបនេះ ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗ ខណៈដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ៤៩១.៥០ លានបាត (ប្រមាណ ១៣.៥លានដុល្លារ) ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈដែលនៅសល់នឹងបានមកពីប្រភពមូលនិធិពីបរទេស។
គួរបញ្ជាក់ថា ប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ អនុម័តឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់សាងសង់ផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុងខេត្តឧត្តរមានជ័យ ដែលតភ្ជាប់ពីសៀមរាបទៅថៃ តាមខេត្តស៊ីសាកេត។ ជាមួយគ្នានេះដែរ លោកស្រី Traisuree បានបញ្ជាក់ថា លក្ខខណ្ឌមួយចំនួននឹងត្រូវដាក់សម្រាប់ការសាងសង់ផ្លូវនេះ ក្នុងនោះគឺកម្ពុជា នឹងតម្រូវឱ្យទិញសម្ភារសំណង់យ៉ាងតិច ៥០%សម្រាប់គម្រោងពីប្រទេសថៃ ហើយជួលអ្នកម៉ៅការថៃផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost
រូបភាព៖ neda.or.th, thethaiger, chiangmaione


