រយៈពេល ៥ខែ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ទិញឥន្ធនៈពីរុស្ស៊ីចំនួន ៥.៥ពាន់លានដុល្លារ
សេដ្ឋកិច្ច August 24, 2022 Khmernote

សារព័ត៌មាន nikkei បានចេញផ្សាយថា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាននាំចូលឥន្ធនៈក្នុងចំនួន ៥.៥ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ៥ខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយទៅលើអ៊ុយក្រែន។ នេះបើយោងតាមអ្នកវិភាគដែលមានមូលដ្ឋាននៅហ្វាំងឡង់។

មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានប៉ាន់ប្រមាណថា ប្រទេសជប៉ុនបាននាំចូលធ្យូងថ្ម ប្រេង និងឧស្ម័នពីរុស្ស៊ីចំនួន ២.៦ ពាន់លានដុល្លារនៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនដល់ថ្ងៃទ៣១ ខែកក្កដា។ ស្របពេលដែលកូរ៉េខាងត្បូងមានចំនួន ១.៧ពាន់លានដុល្លារ និងតៃវ៉ាន់មានចំនួន ១.២ ពាន់លានដុល្លារ។

មជ្ឈមណ្ឌលក៏បាននិយាយនៅក្នុងរបាយការណ៍មួយថា ការទិញពី ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បានរួមចំណែកប្រហែល ១ពាន់លានដុល្លារដល់ថវិកាសហព័ន្ធរបស់រុស្ស៊ីក្នុងរយៈពេល ៥ខែ ដោយបន្ថែមថា សេដ្ឋកិច្ចអាស៊ីបូព៌ាអាចក្លាយជាប្រទេសនាំចូលកំពូលពីរុស្ស៊ី ខណៈដែលទណ្ឌកម្មចាប់ផ្តើមនៅកន្លែងផ្សេងទៀតដូចជា នៅសហភាពអឺរ៉ុប និងអាមេរិក។

គួរបញ្ជាក់ផងដែរថា ការទិញនេះ បានកើតឡើងនៅពេលដែល ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែនដោយមិនកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការបញ្ឈប់ការទិញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ខណៈបណ្ដាប្រទេសនៅអឺរ៉ុបជាច្រើនបានចុះហត្ថលេខាដាក់ទណ្ឌ.កម្មលើទីក្រុងមូស្គូ ក្នុងគោលបំណងលុបបំបាត់ការនាំចូលធ្យូងថ្ម និងប្រេងភាគច្រើននៅចុងឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nikkei
រូបភាព៖ thetimes.co.uk, www.ft.com, images.express