ក្រសួងកសិកម្ម៖ ៧ខែ ឆ្នាំ២០២២នេះ ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ
សេដ្ឋកិច្ច August 23, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញ ចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិបានជាង ២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញឱ្យដឹងនៅថ្ងៃនេះថា ក្នុង រយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ជាង២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ ក្នុងនោះនាំចេញទៅចិន មានចំនួនជាង ២២ម៉ឺនតោន និងប្រទេសវៀតណាម ចំនួន២ម៉ឺន៤ពាន់តោន។

ដោយឡែកការនាំចេញផ្លែស្វាយស្រស់វិញ មានចំនួនជាង១១ម៉ឺន ថយចុះ ២៦.៨៤ភាគរយ ក្នុងនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៦ម៉ឺន២ពាន់តោន ប្រទេសថៃចំនួន ២ម៉ឺន៧ពាន់តោន ប្រទេសចិនចំនួនជាង២ម៉ឺន៧ពាន់តោន ប្រទេសកូរ៉េ ជាង១៦០តោន និងហុងកុងចំនួនជាង២តោន។

រីឯការនាំចេញដំណាប់ស្វាយវិញ មានចំនួនជាង១ម៉ឺន៣ពាន់ ថយចុះ២.២២ភាគរយ ក្នុងនោះ៨៥ភាគរយ ត្រូវបាននាំចេញទៅប្រទេសចិន និង១៥ភាគរយ ត្រូវបាននាំចេញទៅថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូរ៉េ និងសហរដ្ឋអាមេរិក។ បើ តាមក្រសួងកសិកម្មដដែលបង្ហាញថា ក្នុងរយៈពេល៧ខែឆ្នាំនេះ ការនាំចេញកសិផល ក្រៅពីស្រូវ និងអង្ករ ទទួលបានចំណូលប្រមាណ ១ ៧៥៥លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបាន នាំចេញទំនិញមានតម្លៃជាង៥១៩លានដុល្លារ ទៅកាន់ប្រទេសចិន ថយចុះ៦.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងរយៈពេលដូចគ្នានេះដែរ ចិនបាន នាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៤ ៤៧០លានដុល្លារ កើនឡើង៣១.៥ភាគរយ ដែលធ្វើ ឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំជាង ៤ ៩៩០លានដុល្លារ កើនឡើង ២៦.១ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន