ការកើនឡើងនៃវិស័យទេសចរណ៍ចិនទៅកាន់ប្រទេសថៃ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបានស្នើសុំបង្កើនចំនួនជើងហោះហើរ ៥ដង រវាងប្រទេសទាំងពីរ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ប្រកាសថាពួកគេបានទទួលលិខិតពី CAAC ដែលស្នើសុំឱ្យបង្កើនជើងហោះហើរនោះរហូតដល់ ១៥ជើងក្នុងមួយសប្តាហ៍។
បើតាម CAAT ជើងហោះហើរដែលបានស្នើសុំភាគច្រើន គឺសម្រាប់ការធ្វើដំណើរអាជីវកម្ម និងការធ្វើដំណើរផ្សេងទៀត។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ការស្នើសុំនេះនៅតែត្រូវបានចាត់ទុកថាជារឿងដ៏សំខាន់ និងល្អប្រសើរមួយ ខណៈច្បាប់កូវីដ-១៩ ដ៏តឹងរឹងរបស់ប្រទេសចិននៅតែមាននៅដដែល។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានជើងហោះហើរចំនួន ៣ដងក្នុងមួយសប្តាហ៍រវាងប្រទេសថៃ និងប្រទេសចិន។ យ៉ាងណាមិញក្រៅពីស្នើសុំបង្កើនជើងហោះហើរទៅថៃ សមភាគីចិនរបស់ CAAT ក៏ស្នើសុំឱ្យមានការសម្របសម្រួល ដោយស្នើឱ្យប្រទេសថៃបង្កើនជើងហោះហើរពីប្រទេសខ្លួនទៅកាន់ប្រទេសចិនផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger


