យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមនឹងមានសិទ្ធិក្នុងការលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗពីក្រុមហ៊ុន ចាប់តាំងពី Apple បានលើកប្រទេសវៀតណាមក្នុងទីផ្សារអាទិភាពរបស់ខ្លួន។ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាញលក់រាយមួយបានប្រាប់ VnExpress ថា “iPhone 14 នឹងត្រូវបានលក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានដាក់លក់នៅក្នុងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង និងប្រទេសជប៉ុន”។
ប្រភពដដែលបានបន្ថែមថា Apple បានផ្លាស់ប្តូរប្រទេសវៀតណាមពីកម្រិតអាទិភាពទី៤ មកទី៣ វិញ ហើយអាចធ្វើឱ្យប្រទេសនេះក្លាយជាទី២ ឬទី១ ក្នុងរយៈពេលពីរ ឬបីឆ្នាំទៀត។ រម្លឹកផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនាពេលថ្មីៗនេះថា ប្រទេសវៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២។
ជាមួយគ្នានេះកាលពីឆ្នាំមុន iPhone 13 ត្រូវបានលក់ក្នុងប្រទេសវៀតណាម ក្នុងរយៈពេលបួនសប្តាហ៍បន្ទាប់ពីទីផ្សារធំៗចេញលក់រួច។ ប៉ុន្តែម៉ូឌែល iPhone 14 ដែលគ្រោងនឹងចេញលក់ចាប់ពីថ្ងៃទី១៦ ខែកញ្ញា នៅតាមទីផ្សារធំៗ នាពេលខាងមុខនេះ នឹងមានលក់នៅប្រទេសវៀតណាមក្នុងរយៈពេលលឿនជាងម៉ូឌែលមុនៗ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


