ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន
ទេសចរណ៍ August 22, 2022 Khmernote

យោងតាមចុះផ្សាយរបស់សារព័ត៌មាន The Nation ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន។ របាយការណ៍ចុងក្រោយបង្អស់របស់ Global Times បង្ហាញថា ប្រទេសថៃ គឺជាទិសដៅពេញនិយមបំផុតទី៤ ក្នុងចំណោមអ្នកធ្វើដំណើរចិន។

ផ្អែកលើទិន្នន័យដែលប្រមូលបានពី Variflight របាយការណ៍ Global Times បាននិយាយថា ជើងហោះហើរអ្នកដំណើរអន្តរជាតិទៅក្រៅប្រទេសពីប្រទេសចិនទំនងជានឹងកើនឡើងជាង ២០០%ពីមួយខែទៅមួយខែនៅក្នុងខែសីហា ដោយសារប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។ ក្នុងនោះជើងហោះហើរសរុបចំនួន ២,៨៤៥ គ្រោងនឹងហោះហើរចេញពីប្រទេសចិនក្នុងខែនេះ ដែលកើនឡើងពីចំនួន ៩០៤នៅក្នុងខែកក្កដា ហើយនឹងឆ្ពោះទៅគោលដៅកំពូលទាំងប្រាំ គឺកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ថៃ និងបារាំង។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា រដ្ឋាភិបាលប៉ាន់ប្រមាណថានៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ប្រទេសថៃនឹងមានការកើនឡើងនៃការមកដល់របស់ជនបរទេស ដោយសារស្ថានភាពកូវីដ-១៩ ប្រសើរឡើង និងការដកការរឹតបន្តឹងការធ្វើដំណើរដោយប្រទេសមួយចំនួន រួមទាំងប្រទេសចិនផងដែរ។

មិនតែប៉ុណ្ណោះលោកបានបន្តថា វាជាសញ្ញាល្អដែលភ្ញៀវទេសចរចិននៅតែចង់ទៅលេងប្រទេសថៃដូចដែលពួកគេបានធ្វើមុនមានពេលជំងឺរាតត្បាត។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ១ ភាគ ៤ នៃចំនួនភ្ញៀវបរទេសសរុប ឬជិត ១១ លាននាក់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand