ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម និងនេសាទ បានស្នើភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម វេង សាខុន និងគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao។
ក្រៅពីការស្នើខាងលើ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីរួមជាមួយភាគីចិន ក៏បានឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិត Zhang Lubiao បានលើកឡើងថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយនិងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗខាងមុខនេះ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅនេះ ក្រសួងកសិកម្ម និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕





អត្ថបទ៖ លីនី


