យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបើកការប្រកួតប្រជែងផឹកស្រានៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យប្រជាជនផឹកគ្រឿងស្រវឹងឱ្យបានច្រើន។ ការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចំណូលពន្ធលើគ្រឿងស្រវឹងបានធ្លាក់ចុះ ដែលបណ្ដាលមកពីប្រជាជនជប៉ុន ជាពិសេសគឺយុវវ័យជប៉ុនបានផ្លាស់ប្ដូរទម្លាប់មិនសូវផឹកគ្រឿងស្រវឹងដោយសារតែការរស់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។
ការប្រកួតនេះមានឈ្មោះថា “The Sake Viva!” ដែលដំណើរការដោយទីភ្នាក់ងារជាតិពន្ធដារ (NTA) ដោយស្នើឱ្យអ្នកដែលមានអាយុ ២០ ទៅ ៣០ឆ្នាំ ចូលរួមប្រកួតក្នុងកម្មវិធីនេះ ដើម្បីជួយស្តារឡើងវិញនូវប្រជាប្រិយភាពនៃភេសជ្ជៈមានជាតិអាល់កុលដែលបានធ្លាក់ចុះក្នុងការប្រើប្រាស់។ ការប្រកួតប្រជែងដែលដំណើរការរហូតដល់ថ្ងៃទី៩ ខែកញ្ញា អំពាវនាវឱ្យមាន “ផលិតផល និងការឌីហ្សាញថ្មី” ក៏ដូចជាវិធីដើម្បីលើកកម្ពស់ការផឹកស្រានៅតាមផ្ទះ។ ជាពិសេសអ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្តឱ្យស្វែងរកវិធីសាស្រ្តលក់ដោយប្រើ metaverse នេះបើយោងតាមគេហទំព័រក្នុងស្រុក JiJi.com ។ អ្នកឈ្នះក្នុងការប្រកួតប្រជែងនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងតូក្យូនៅថ្ងៃទី១០ ខែវិច្ឆិកា រួមជាមួយឱកាសក្នុងការបញ្ចេញគំនិតលើការធ្វើពាណិជ្ជកម្មផងដែរ។
គួរបញ្ជាក់ផងដែរថា បើតាម NTA ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះពីជាមធ្យម ១០០ លីត្រសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៥ មកត្រឹម ៧៥លីត្រក្នុងឆ្នាំ២០២០។ ការថយចុះនៃការលក់គ្រឿងស្រវឹង បានប៉ះពាល់ដល់ថវិការបស់ប្រទេសជប៉ុន ខណៈពន្ធលើគ្រឿងស្រវឹងមានចំនួន ១.៧% នៃចំណូលពន្ធរបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២០ ធ្លាក់ចុះពី ៣% ក្នុងឆ្នាំ២០១១ និង ៥% ក្នុងឆ្នាំ១៩៨០។ ជាមួយគ្នានេះប្រាក់ចំណូលសរុបបានមកពីពន្ធលើគ្រឿងស្រវឹងក្នុងឆ្នាំហិរញ្ញវត្ថុ២០២០ បានធ្លាក់ចុះជាង ១១០ពាន់លានយ៉េន ដល់ ១.១ ទ្រីលានយ៉េន បើធៀបនឹងឆ្នាំមុន ដែលនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតនៃប្រាក់ចំណូលពន្ធលើគ្រឿងស្រវឹងក្នុងរយៈពេល ៣១ឆ្នាំ នេះបើយោងតាមកាសែត Japan Times៕


អត្ថបទ៖ លីនី
ប្រភព៖ theguardian
រូបភាព៖ guim , news7f, sudy


