សេដ្ឋវិទូ៖ វៀតណាម នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី បន្ទាប់ពីកូរ៉េខាងត្បូង សិង្ហបុរី តៃវ៉ាន់ និងហុងកុង
សេដ្ឋកិច្ច August 18, 2022 Khmernote

សេដ្ឋវិទូ Brian Lee Shun Rong នៅ Maybank ដែលជាក្រុមសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតរបស់ម៉ាឡេស៊ី និងជាក្រុមធនាគារឈានមុខគេនៅអាស៊ីអាគ្នេយ៍ បាននិយាយតាមសេចក្តីរាយការណ៍ថា ប្រទេសវៀតណាម ដែលកំពុងរះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។

ថ្លែងក្នុងវេទិកាធុរកិច្ចរបស់ Forbes Vietnam នាពេលថ្មីៗនេះ លោក Brian Lee បានបញ្ជាក់ថាវៀតណាម នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី បន្ទាប់ពីសាធារណរដ្ឋកូរ៉េ សិង្ហបុរី តៃវ៉ាន់ និងហុងកុង របស់ប្រទេសចិន។ លោក​បាន​បន្ត​ថា ឧស្សាហកម្ម​វៀតណាម​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ដែល​ជំរុញ​ដោយ​សហគ្រាស​វិនិយោគ​បរទេស។​ ជាក់ស្ដែង យោងតាមទិន្នន័យពីធនាគារ Maybank ទាំងលំហូរ FDI ចូលប្រទេសវៀតណាម និងចំណូលនាំចេញរបស់ខ្លួនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺធំជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតទាំងអស់ ជាពិសេសឧស្សាហកម្មអេឡិចត្រូនិក និងទូរស័ព្ទ បានវ៉ាដាច់សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ក្លាយជាអ្នករួមចំណែកដ៏ធំបំផុតចំពោះតម្លៃនាំចេញសរុប។

លោក លោក Brian Lee បានបន្តថា នេះបង្ហាញថាវៀតណាមបានបង្កើនជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល ហើយផលិតភាពនៃកម្មកររបស់ខ្លួនក៏រីកចម្រើនលឿនជាងប្រទេសអាស៊ានដទៃទៀតដែរ។ មិនតែប៉ុណ្ណោះ កាសែតរុស្ស៊ីក៏បានដកស្រង់អ្នកជំនាញសេដ្ឋកិច្ច លោក Nguyen Xuan Thanh សាស្ត្រាចារ្យនៅសាលា Fulbright នៃគោលនយោបាយសាធារណៈ និងការគ្រប់គ្រង ថា វៀតណាមកំពុងគ្រប់គ្រងអតិផរណា និងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុបានយ៉ាងល្អ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ whitecase, business, media-cdn, com.vn