យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសវៀតណាមប្រមាណជា ៦៦ម៉ឺនតោន ដែលទទួលបានចំណូលជាង ១ពាន់លានដុល្លារ បើទោះបីជាទិន្នផលស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះ ដែលធ្វើឱ្យបរិមាណនាំចេញថយចុះក៏ដោយ។
បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា៖ «រយៈពេល៧ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមប្រមាណជា ៦៦ម៉ឺនតោន ថយចុះប្រមាណជា ៣៥ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ ១០៧៧លានដុល្លារ ថយចុះ ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
លោកបានបញ្ជាក់ផងដែរថា ស្វាយចន្ទីមិនទាន់កែច្នៃ ឬគ្រាប់ឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាមប្រមាណ ៩០%។ លោកថា ប្រសិនកម្ពុជាទាក់ទាញការវិនិយោគ លើការកែច្នៃគ្រាប់ស្វាយចន្ទីបានកាន់តែច្រើន កម្ពុជានឹងអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ទៅវៀតណាមបានច្រើនដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


