គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តលើសេចក្ដីព្រាងព្រះរាជក្រឹត្យមួយ ដើម្បីកាត់បន្ថយពន្ធប្រចាំឆ្នាំយ៉ាងច្រើនសម្រាប់តាក់ស៊ី តុកៗ និង ម៉ូតូឌុប រយៈពេលមួយឆ្នាំពេញក្នុងគោលបំណងកាត់បន្ថយការចំណាយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានឱ្យដឹងថា សេចក្តីព្រាងព្រះរាជក្រឹត្យបានកំណត់ការកាត់បន្ថយពន្ធប្រចាំឆ្នាំចំនួន ៩០% សម្រាប់ការដឹកជញ្ជូនសាធារណៈបីប្រភេទ ដែលនឹងត្រូវបង់ពន្ធចន្លោះពីថ្ងៃទី០១ ខែតុលា ឆ្នាំនេះ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំក្រោយ។
ក្នុងនោះ ឡានតាក់ស៊ីក្នុងប្រភេទ ១,៣០០ គីឡូ ពេលនេះត្រូវបង់ត្រឹមតែ ៦៨.៥០ បាតប៉ុណ្ណោះជំនួសឱ្យ ៦៨៥បាត ចំណែកឡានប្រភេទ ២,០០០ គីឡូ បង់ត្រឹមតែ ១០៦បាត ជំនួសឱ្យ ១,០៦០បាត ។ សម្រាប់តុកៗ វិញប្រភេទ ៥០០គីឡូអាចបង់ ១៨.៥០ បាត ជំនួស ១៨៥បាត ខណៈម៉ូតូឌុបត្រូវបង់តែ ១០បាត ជំនួសតម្លៃ ១០០បាត។
គួរបញ្ជាក់ផងដែរថា បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ការសម្រេចកាត់បន្ថយពន្ធនេះបានកើតឡើងបន្ទាប់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ការឡើងថ្លៃនៃតម្លៃបានជះឥទ្ធិពលដល់ប្រទេសថៃ ដែលនាំចូលប្រេងរហូតដល់ទៅ ៧៥% ព្រមទាំងអ្នកបើកបរដឹកជញ្ជូនសាធារណៈ។ ជាមួយគ្នានេះ ការកាត់បន្ថយពន្ធនេះ រដ្ឋាភិបាលនឹងបាត់បង់ប្រាក់ចំណូលចំនួន ៧០.២៥ លានបាត ហើយវានឹងមានផលប៉ះពាល់ “បន្តិចបន្តួច” ទៅលើប្រាក់ចំណូលដែលប្រមូលបានដោយរដ្ឋបាលក្រុងបាងកក និងអង្គការរដ្ឋបាលក្នុងតំបន់៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


