យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេច បានប្រមាណជាង ៥ពាន់លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានប្រមាណជាង៣ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុង ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ ចំពោះការនាំចូលពី អាម៉េរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។
ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន មានចំនួន ៧០១លានដុល្លារ, ប្រទេសកាណាដា មានចំនួន៦៩០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។
គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក មានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ៧ ៤៩០លានដុល្លារអាម៉េ រិក ខណៈអាម៉េរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន


