យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានឱ្យដឹងថា តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួន ២ ២៧៨ ៨៥៤ នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ១ ២៤២ ៨៥៤ នាក់រួចទៅហើយ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖ «តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន ២ ២៧៨ ៨៥៤ នាក់។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥៣៤ ០០៥ នាក់»។ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន២ ០៣៩ ០០០ នាក់ កើនឡើង ២៩១.២៦ភាគរយ ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន ២៣៩ ៨៥៤នាក់ កើនឡើង១៧៦៣.២៣ភាគរយ។
បើតាមឯកឧត្ដម ថោង ខុន ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។
សូមជម្រាបជូនថា នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦ភាគរយ នៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តមានចំនួន ១ ១៨៧ កន្លែង។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយឯកឧត្ដមបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕




ប្រភព៖ ក្រសួងព័ត៌មាន


