នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយថា ប្រទេសឥណ្ឌាមានបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ឆ្នាំ។ នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថានៃថ្ងៃជាតិកាលពីថ្ងៃចន្ទ ជាមួយនឹងគោលនយោបាយដើម្បីគាំទ្រដល់ការផលិតក្នុងស្រុកក្នុងវិស័យថាមពល ការការពារជាតិ និងបច្ចេកវិទ្យាឌីជីថល។
ថ្លែងពីបន្ទាយក្រហមសតវត្សទី១៧ នៅទីក្រុងដេលី ខណៈដែលប្រទេសឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃឯករាជ្យភាពរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមអង់គ្លេស លោក Modi បានដាស់តឿនយុវជនឱ្យ “មានមហិច្ឆតាធំ” និងផ្តល់ឆ្នាំដ៏ល្អបំផុតរបស់ពួកគេសម្រាប់បុព្វហេតុប្រទេស។ ជាមួយគ្នានោះ លោកបានលើកឡើងជាភាសាហិណ្ឌូថា៖ “យើងត្រូវប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ ក្នុងជីវិតរបស់យើង”។
គួរឱ្យដឹងថា បច្ចុប្បន្នធនាគារពិភពលោកបានចាត់ថ្នាក់ប្រទេសឥណ្ឌាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដែលមានន័យថាប្រទេសដែលមានប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់ចន្លោះពី ១,០៨៦ ទៅ ៤,២៥៥ ដុល្លារ។ ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដូចជាសហរដ្ឋអាមេរិក មានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ១៣,២០៥ ដុល្លារ ឬច្រើនជាងនេះ។ ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៦ របស់ពិភពលោក ហើយត្រូវបានគេរំពឹងថានឹងកើនឡើងជាង ៧% នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដែលជាប្រទេសមានសេដ្ឋកិច្ចលឿនបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ។
ជាមួយគ្នានេះដែរ អ្នកជំនាញជាច្រើនបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាអាចពង្រីកខ្លួនក្លាយជាមហាអំណាចទីបីរបស់ពិភពលោកនៅឆ្នាំ២០៥០ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន បើទោះបីជាប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ នាពេលបច្ចុប្បន្នប្រហែល ២,១០០ដុល្លារ អាចនៅទាបបើធៀបនឹងប្រទេសជាច្រើន៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ googleusercontent, dawn.com, ing.com


