រយៈពេល ៧ខែឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន ២ ២១០លានដុល្លារ កើនឡើងជិត ៣០%
សេដ្ឋកិច្ច August 16, 2022 Khmernote

ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ​ បានប្រមូលចំណូលពន្ធ-អាករមានចំនួន ៨ ៩៥០.៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០.១០ លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៩៨៩.៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១.២៩ លានដុល្លារ) ស្មើនឹង ២៨.៦២%។

តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ទោះបីជាមានហានិភ័យ ដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕

អត្ថបទ៖ លីនី