ក្រុមហ៊ុនអង់គ្លេសមួយ ចង់សហការជាមួយកម្ពុជា សាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី
សេដ្ឋកិច្ច August 11, 2022 Khmernote

ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញនូវចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញនេះ។

គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ដឹកនាំដោយ លោក Stewart Clayton នាយកប្រចាំកម្ពុជានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។ នាឱកាសនោះផងដែរ លោក Stewart Clayton បានណែនាំឱ្យតំណាងក្រុមហ៊ុន ARUP ធ្វើបទបង្ហាញ ដែលបានផ្តោតជាសំខាន់លើសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងពិភពលោកទាក់ទងនឹងដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហាចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្របសម្រួលខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Arup បានបង្ហាញនូវវិស័យសក្កានុពលដែលខ្លួនចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី) និង បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធ ទៅនឹងលទ្ធកម្មផងដែរ៕

អត្ថបទ៖ លីនី