យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១០ ខែសីហា នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បញ្ជាក់ជំហរថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ខ្លួននឹងជួយកម្ពុជាលើការជំរុញឱ្យមានការវិនិយោគ ពីក្រុមហ៊ុនឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង និងជួយកសិករ និងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មឱ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឱ្យបាន ១០០លានដុល្លារ។
ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការនូវគម្រោងជំនួយថវិកា ពីសហរដ្ឋអាមេរិកចំនួន២៥លានដុល្លារ សម្រាប់ការគាំទ្រខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្មកម្ពុជា ក្រោមគម្រោង«កម្ពុជាហាវែស III» កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា២៥លានដុល្លារនេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានភាពទូលំទូលាយ និងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែង នៅក្នុងវិស័យកសិកម្មកម្ពុជា។ គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមានរយៈពេល៥ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា «នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកាប្រមាណជិត១០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការ ពង្រឹងវិស័យកសិកម្ម។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន។ ដូច្នេះគម្រោង កម្ពុជាហាវែស III នេះ គឺបង្ហាញ ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ»។
គម្រោង កម្ពុជាហាវែស III ត្រូវបានប្រកាសកាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០២២ ដោយរដ្ឋមន្ត្រី ការបរទេស អាមេរិក Antony Blinken ក្នុងអំឡុងពេលធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។ គម្រោងនេះ នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាស ទីផ្សារនានា នៅក្នុងវិស័យកសិកម្មតាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។
គម្រោងនឹងបន្តធ្វើការអភិវឌ្ឍន៍ទៅលើការងារដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើកន្លងមក លើការលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននៅក្នុងទីផ្សារកសិកម្ម គម្រោងនឹងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ៕


ប្រភព៖ ក្រសួងព័ត៌មាន


