យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃកំពុងព្យាយាមជំនួសតំណែងតៃវ៉ាន់ក្នុងការនាំចេញទំនិញទៅប្រទេសចិន ខណៈប្រទេសចិនបានហាមឃាត់ការនាំចូលទំនិញរបស់តៃវ៉ាន់ ២០០០ប្រភេទ ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយនៅថ្ងៃសុក្រនេះថា អនុព័ន្ធពាណិជ្ជកម្មថៃនៅទីក្រុងប៉េកាំង ត្រូវបានណែនាំឱ្យប្រមូលបញ្ជីផលិតផលដែលប្រទេសថៃ អាចនាំចេញទៅកាន់ប្រទេសចិនបាន ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ពីតៃវ៉ាន់។ រដ្ឋមន្រ្តី រូបនេះបានបន្តថា ថៃបានរកឃើញតម្រូវការផលិតផលម្ហូបអាហារ និងភេសជ្ជៈ រួមទាំងមីកញ្ចប់ ត្រីកក អាហារសម្រន់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗ នៅក្នុងប្រទេសចិន។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការនាំចូល និងការនាំចេញរបស់ប្រទេសថៃ មិនត្រូវបានប៉ះពាល់ដោយភាពតានតឹងរវាងចិន និងតៃវ៉ាន់នោះទេ។ លើសពីនេះ លោកបានបន្ថែមថា នាយកដ្ឋានផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិនៃក្រសួងរបស់លោក នឹងរៀបចំព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្មតាមអ៉ីនធឺណិតសម្រាប់អ្នកនាំចេញថៃ និងអ្នកនាំចូលរបស់ចិននៅថ្ងៃទី ២៤-២៥ ខែសីហា នេះ ខណៈក្រុមហ៊ុននាំចេញរបស់ថៃមានប្រហែល ១៥០ និងអ្នកនាំចូលពីប្រទេសចិន និងហុងកុងប្រហែល ២០០បានយល់ព្រមចូលរួម។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ថៃមានចំនួនសរុប ៥ ទ្រីលានបាត កើនឡើង ១២.៩ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការនាំចេញកាលពីឆ្នាំមុនមានចំនួន ៨,៥ ទ្រីលានបាត៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


