រំភើប! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣ នៃប្រទេសទាំង១៥ នៅអាស៉ី ដែលជាប់ឈ្មោះជាគោលដៅទេសចរណ៍មានតម្លៃសមរម្យបំផុត
ទេសចរណ៍ August 5, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ដោយដកស្រង់ពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ទ្វីបអាស៉ី គឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន៤៨ប្រទេស ក្នុងនោះប្រទេសចិនជាប្រទេសធំជាងគេនៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ីដែលមានរដ្ឋបាលកណ្ដាលស្ថិតនៅទ្វីបអឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។

ប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសចរណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា៖

ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅអាស៉ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះជាដើម។ ភ្ញៀវទេសចរក៏អាចទៅទស្សនាទេសភាពបឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេមួយនៅអាស៉ី ក្នុងនោះមានច្រកទៅទស្សនាតាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំជាដើម។ នៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ដ៏ចំណាស់មួយនៅអាស៉ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត។
ប្រទេសទាំង១៥រួមមាន៖

១. កាហ្សាក់ស្ថាន (Kazakhstan)
២. អាមេនី (Armenia)
៣. កម្ពុជា (Cambodia)
៤. ម៉ាឡេស៊ី (Malaysia)
៥. ឥណ្ឌូណេស៊ី (Indonesia)
៦. ថៃ (Thailand)
៧. ម៉ុងហ្គោលី (Mongolia)
៨. ប៉ាគីស្ថាន (Pakistan)
៩. នេប៉ាល់ (Nepal)
១០. បង់ក្លាដែស (Bangladesh)
១១. ឡាវ (Laos)
១២. ហ្វីលីពីន (Philippines)
១៣. មីយ៉ាន់ម៉ា (Myanmar)
១៤. វៀតណាម (Vietnam)
១៥. ឥណ្ឌា (India)

ប្រភព៖ ក្រសួងទេសចរណ៍