រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសផ្ដល់ថវិកា ២៥ លានដុល្លារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងអាហារ និងគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា
សេដ្ឋកិច្ច August 5, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក ឯកឧត្ដម Antony Blinken បានប្រកាសនូវគម្រោងថ្មីមួយដែលមានទឹកប្រាក់ ២៥ លានដុល្លារ ក្នុងការលើកកម្ពស់ សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ។

ការប្រកាសរបស់ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសអាម៉េរិកនេះ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

សូមជម្រាបជូនថា គម្រោង កម្ពុជាហាវែស III ជាគម្រោងមានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID ។ ខណៈដែលពិភពលោកប្រឈមនឹងការគំរាមកំហែងលើការផ្គត់ផ្គង់ស្បៀងអាហារកាន់តែកើនឡើង យើងត្រូវការបង្កើននូវសមត្ថភាពកសិកម្ម និងភាពធន់ជុំវិញពិភពលោក ហើយគម្រោងហាវែស III គឺជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅមួយនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន