ឥណ្ឌាមាន បំណងចង់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័នពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងមកដល់ប្រទេសកម្ពុជា
សេដ្ឋកិច្ច August 5, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា បានថ្លែងថា ឥណ្ឌាមានបំណងចង់ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន ការតភ្ជាប់ផ្លូវពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ខណៈឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Jaishankar បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្ដមនាយករដ្ឋមន្ត្រីឥណ្ឌា ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា ការចូលរួមនៅក្នុងកិច្ចប្រជុំការបរទេសអាស៊ាននៅកម្ពុជាទទួលបានជោគជ័យទាំងក្នុងក្របខណ្ឌទ្វេភាគីទាំង ក្របខណ្ឌពហុភាគី។ ក្នុងន័យនេះ ឯកឧត្ដមបានគោរពសម្ដែងនូវការអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន។ ឯកឧត្ដម Jaishankar បានគោរពជម្រាបជូនសម្ដេចតេជោផងដែរ នូវបំណងចង់ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន ការតភ្ជាប់ផ្លូវពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន មេគង្គ-គង្គា លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគនិងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្ដម Subrahmanyam Jaishankar ដែលបានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមនាយករដ្ឋមន្ត្រី ឥណ្ឌានិងសូមស្វាគមន៍បំណងនៃកិច្ចសហប្រតិបត្តិការដែលបាន លើកឡើងខាងលើ ថែមទាំងលើកទឹកចិត្តឱ្យមានការសិក្សាបញ្ចប់លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផង និងកិច្ចសន្យាគាំពារវិនិយោគផង។សម្ដេចតេជោក៏បានស្នើឱ្យភាគីឥណ្ឌាពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍នឹងស្នើសុំឱ្យមានការពិចារណា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ -គង្គាឱ្យដល់កម្រិតកំពូល៕

ប្រភព៖ ក្រសួងព័ត៌មាន