ឆមាសទី១ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ១ ២៩៥,៤ លានដុល្លារ
សេដ្ឋកិច្ច August 4, 2022 Khmernote

យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា លទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១២ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ ការគូសបញ្ជាក់របស់ឯកឧត្ដមប្រតិភូនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងថា លទ្ធផលនេះ គឺសម្រេចបាន ៥០,២ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ឯកឧត្ដមបានបន្ដថា បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករពិសេសមានចំនួន ១ ៩៧៧,៧ ប៊ីលានរៀល (ត្រូវជា ៣៧,៩ភាគរយនៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ១ ៩៩៦ ប៊ីលានរៀល (ត្រូវជា ៣៧,៦ភាគរយ នៃចំណូលសរុប), ពន្ធគយមានចំនួន ៩៨៩,៨ ប៊ីលានរៀល (ត្រូវជា ១៨,៨ភាគរយ នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១៨៩,៤ ប៊ីលានរៀល (ត្រូវជា ៣,៦ភាគរយ នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១០៦,៦ ប៊ីលានរៀល (ត្រូវជា ២,១ភាគរយ នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ២ ៣៧១,៥ ប៊ីលានរៀល (ត្រូវជា ៤៥,១ភាគរយ នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល (ត្រូវជា ២៧,៧ភាគរយ នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ១១០,៣ ប៊ីលានរៀល (ត្រូវជា ២១,១ភាគរយ នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល (ត្រូវជា ៦,១ភាគរយ នៃចំណូលសរុប)។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ទាំងទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍ និងទំនិញនាំចូលតាមមាត់ច្រកផ្សេងៗ, និងបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់កិច្ចប្រតិបត្តិការគយ និងរកដីរៀបចំកន្លែងត្រួតពិនិត្យទំនិញឱ្យបានសមរម្យជាពិសេសនៅមាត់ច្រកសំខាន់ៗ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ រួមមាន ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦ ៥៦១,៩ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១ ៨៤០,៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩ភាគរយ។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាម៉េរិក ស្មើនឹង ៤០ភាគរយ។ ការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៦០,៥ លានដុល្លារអាម៉េរិក ស្មើនឹង ១០,២ភាគរយ ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៣៦៨,៣ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៥៦,៨ លានដុល្លារអាម៉េរិក (១៣,៤ភាគរយ)។ ការនាំចេញអង្ករមានតម្លៃ ២០៤ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ០,២ លានដុល្លារអាម៉េរិក (០,១ភាគរយ)។ កៅស៊ូនាំចេញមានតម្លៃ ១៨១,៧ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២៤,១ លានដុល្លារអាម៉េរិក (១៥,៣ភាគរយ) និងកសិផលផ្សេងទៀតមានតម្លៃ ៥២៣,៦ លានដុល្លារអាម៉េរិក កើនឡើង ៨៥,១ លានដុល្លារអាម៉េរិក (១៩,៤ភាគរយ)៕

ប្រភព៖ ក្រសួងព័ត៌មាន