សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសកាតាជំរុញវិស័យឯកជន មកវិនិយោគនៅកម្ពុជាជាពិសេសលើវិស័យស្រូវ អង្ករ
សេដ្ឋកិច្ច August 4, 2022 Khmernote

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា នៅវិមានសន្តិភាព។

នាឱកាសនោះ សម្តេចតេជោបានលើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា ។ សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង ដោយសម្ដេចតេជោជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ នេះ។ ឯកឧត្តមសន្យាថា ឯកឧត្តមនឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា វិនិយោគទៅលើវិស័យអ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបាន។ ឯកឧត្តមក៏បានសន្យាថាឯកឧត្តមនឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕

អត្ថបទ៖ លីនី