ប្រទេសចិន នៅថ្ងៃពុធទី០៣ ខែសីហា នេះ បានអនុវត្តការទប់ស្កាត់ការនាំចូលផ្លែឈើ និងត្រី ពីតៃវ៉ាន់បន្ថែមទៀត ហើយក៏បញ្ឈប់ការដឹកជញ្ជូនខ្សាច់ទៅកាន់កោះនេះផងដែរ បន្ទាប់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងតៃប៉ិដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ។
រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាកការនាំចូលផ្លែក្រូចមួយចំនួនពីកោះតៃវ៉ាន់ ជុំវិញការចោទប្រកាន់ថា បានរកឃើញម្តងហើយម្តងទៀត នៃសំណល់ថ្នាំសំលាប់សត្វល្អិតហួសប្រមាណ និងការនាំចូលត្រី ដោយសារការធ្វើរកឃើញវីរុសកូវីដ-១៩ នៅលើការវិចខ្ចប់។
ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកមួយ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ខ្លួនក៏នឹងផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅតៃវ៉ាន់ ចាប់ពីថ្ងៃពុធនេះដូចគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត ខណៈខ្សាច់ធម្មជាតិ ជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ផលិតបេតុង និងកៅស៊ូ ហើយភាគច្រើននៃខ្សាច់ និងក្រួសដែលនាំចូលពីតៃវ៉ាន់ គឺមកពីប្រទេសចិន។
បើតាម អ្នកវិភាគកសិកម្មនៅក្រុមហ៊ុនប្រឹក្សា Trivium China បានឱ្យដឹងថា ការរំខានបន្ថែមទៀតនៃពាណិជ្ជកម្មកសិកម្ម និងអាហារ អាចនឹងកើតមាននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងទីផ្សារនាំចេញដ៏ធំបំផុតរបស់តៃវ៉ាន់ ដោយពាណិជ្ជកម្មទ្វេភាគីកើនឡើង ២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣២៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ នោះទេ ដែលប្រទេសចិនបានហាមឃាត់ ឬ បិទការនាំចូលពីតៃវ៉ាន់ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ bsmedia.business, onecms-res.cloudinary, new-media


