លោក Mark Liu ជាប្រធានក្រុមហ៊ុន TSMC ដែលជា ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់ពិភពលោក បានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNN ចំពោះបញ្ហាសំខាន់ថា ប្រសិនបើចិនសម្រេចចិត្តឈ្លានពានតៃវ៉ាន់នោះ លោក Mark Liu ទទូចថារោងចក្រផលិតបន្ទះឈីបដ៏ទំនើបបំផុតរបស់ពិភពលោកនឹងមិនអាចដំណើរការបានទេ ព្រោះការប្រើប្រាស់កម្លាំងយោធានឹងជះឥទ្ធិពលអោយរោងចក្រ TSMC មិនអាចដំណើរការបន្តបាន ដោយសារតែ ការផលិតបន្ទះឈីបគឺមានភាពស្មុគស្មាញ ទាមទារឱ្យមានការតភ្ជាប់ពេលវេលាពិតប្រាកដជាមួយប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ទាំងអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិកខាងសម្ភារៈ គីមី គ្រឿងបន្លាស់ វិស្វកម្មកម្មវិធី និងការវិភាគនៃបញ្ហាដែលអាចកើតមាន។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN លើកនេះ លោក Liu បានសង្កត់ធ្ងន់ថា «ប្រសិនបើសង្គ្រាមផ្ទុះឡើង និងការឈ្លានពានណាមួយដែលនាំអោយ លទ្ធផលចុងក្រោយគឺគ្មាននរណាម្នាក់ឈ្នះឡើយ ប៉ុន្តែមួយវិញទៀត ភាគីទាំងអស់សុទ្ធតែជាអ្នកចាញ់រួមគ្នា ក្នុងពេលដំណាលគ្នា»។ ដោយភាពតានតឹងរវាងចិន និងតៃវ៉ាន់បានកើតឡើងបន្ទាប់ពីប្រធានសភាអាមេរិក Nancy Pelosi បានទៅទស្សនាតៃវ៉ាន់ លោក Liu បាននិយាយបន្តទៀតថា «ជម្លោះដែលអាចកើតឡើងនៅតៃវ៉ាន់ ជាមួយនឹងករណីការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី ទោះបីជាជម្លោះទាំងពីរមានភាពខុសប្លែកគ្នាខ្លាំងក៏ដោយ ប៉ុន្តែផលប៉ះពាល់សេដ្ឋកិច្ចមានលក្ខណៈស្រដៀងគ្នា ដូច្នេះហើយលោក Liu ចង់ឲ្យមេដឹកនាំនយោបាយគេចពីសង្គ្រាមដែលអាចកើតមានឡើងរាល់ករណីទាំងអស់។ ប្រធានក្រុមហ៊ុន TSMC បានបន្ថែមជាចុងក្រោយថា ការឈ្លានពានទឹកដីនេះបានបង្កឱ្យមានភាពចលាចលផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសចិន និងតៃវ៉ាន់ ព្រមទាំងប្រទេសលោកខាងលិចទៀតផង។
គួរបញ្ជាក់អោយដឹងផងដែរថា៖ TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដែលបង្កើតឡើងនៅតៃវ៉ាន់ ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផលិតបន្ទះឈីបបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោក ថែមទាំងទទួលបន្ទុកផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនធំៗក្នុងពិភពលោក រួមមាន Apple និង Qualcomm រួមទាំងក្រុមហ៊ុនធំ និងតូចជាច្រើនទៀតដឺលអាចពោលបានថាក្រុមហ៊ុននេះគឺមានឥទ្ធិពលដល់ការធ្វើចលនានៃឧស្សាហកម្មបន្ទះឈីបរបស់ពិភពលោកនឹងមិនខុសទេ៕

អត្ថបទ៖ Bee
ប្រភព៖ cnbc


