ក្រសួងសំណង់វៀតណាម ស្នើឱ្យរដ្ឋាភិបាលសាងសង់ផ្ទះ ១លានខ្នង សម្រាប់កម្មករនិងប្រជាជនដែលមានប្រាក់ចំណូលទាប
សេដ្ឋកិច្ច August 2, 2022 Khmernote

រដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម លោក Nguyen Thanh Nghi កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់ផ្ទះ​មួយលានខ្នង សម្រាប់កម្មករឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបនៅឆ្នាំ២០៣០។ នៅក្នុងសន្និសីទស្ដីពីលំនៅដ្ឋានសង្គម លោក Nghi បានស្នើថា ក្រសួងសំណង់នឹងរៀបចំផែនការមួយ ហើយដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត។

បើតាមរដ្ឋមន្រ្តីរូបនេះ នៅ​ប្រទេស​វៀតណាម ការ​សាងសង់​លំនៅឋាន​សង្គម​បាន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​វិនិយោគ និង​នីតិវិធី​លក់។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក​បាន​ស្នើ​ឲ្យ​ខេត្ត​ក្រុង​ផ្តល់​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ខែ​នេះ ដើម្បី​បន្ត​អនុវត្ត​ផែនការ។

គួរឱ្យដឹងថា ប្រទេសវៀតណាមបានសាងសង់លំនៅដ្ឋានសង្គមទំហំ ៧.៨ លានម៉ែត្រការ៉េក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ជម្រកដល់កម្មកររាប់សែននាក់ និងគ្រួសារដែលមានប្រាក់ចំណូលទាប ប៉ុន្តែបានបំពេញតម្រូវការបានតែមួយផ្នែកប៉ុណ្ណោះ នេះបើយោងតាមនាយករដ្ឋមន្ត្រី Pham Minh Chinh។ ជាមួយគ្នានេះដែរ បើតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា មានគម្រោងលំនៅដ្ឋានសង្គមក្នុងទីក្រុងចំនួន ៣១០ នៅក្នុងប្រទេសដែលមានផ្ទះចំនួន ១៥៦,០០០ខ្នង ខណៈដែលទីក្រុងចំនួន ៤១០ ផ្សេងទៀតកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ជាមួយនឹងផ្ទះចំនួន ៤៥៥,០០០៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ thesaigontimes, vneconomy, nhandan.vn, vcdn-english