កម្ពុជា បាននាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងតម្លៃ ១៩៤២ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៩ មកដល់ចុងខែមិថុនា ឆ្នាំ២០២២ នេះ។ តួលេខនេះត្រូវបានបង្ហាញដោយស្ថានទូតចិនប្រចាំកម្ពុជា ដោយដកស្រង់ចេញពីរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២២ ផលិតផលកសិកម្មរបស់កម្ពុជាសរុបចំនួន ២.៤ លានតោនត្រូវបាននាំចេញទៅប្រទេសចិន ក្នុងនោះរួមមាន៖ ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។
គួរបញ្ជាក់ផងដែរថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ថ្មីៗនេះ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រទេសចិន គឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ៕




អត្ថបទ៖ លីនី
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា


