យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីជំនាញបានឱ្យដឹងថា គោលការណ៍ឧបត្ថម្ភធនលើតម្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល បានជួយសម្រួល ជីវភាពប្រជាពលរដ្ឋ បានមួយផ្នែកធំពិសេសជួយឱ្យប្រជាពលរដ្ឋមានបណ្តាញអគ្គសនីប្រើប្រាស់គ្រប់ៗគ្នា។ លោក សុខ គីរីរតន៍ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តក្រចេះ បានឱ្យដឹងថា វិស័យរ៉ែនិងថាមពលរបស់ខេត្តក្រចេះ បានគ្រប់គ្រងទៅលើវិស័យធំៗចំនួន ៣ គឺទី១រ៉ែ,ទី ២ ថាមពលនិងទី ៣ ប្រេងកាត ពិសេសថាមពលអគ្គិសនីនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋានពិសេសសេដ្ឋកិច្ចជាតិ។
លោកបន្តថា ថាមពលអគ្គិសនីកាលពី ១០ឆ្នាំមុនមានតម្លៃខ្ពស់ ដោយក្នុងមួយគីឡូវ៉ាត់ម៉ោងតម្លៃជិត ២ពាន់រៀល ដែលធ្វើឱ្យ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិបាកក្នុងការប្រើប្រាស់។ដោយឡែកនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានខិតខំស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ចែកចាយជូនប្រជាពលរដ្ឋឱ្យបាន គ្រប់គ្រាន់ និងមានស្ថិរភាព និរន្តរភាព និងតម្លៃសមរម្យ ដោយការប្រើប្រាស់ថាមពលអគ្គិសនី មួយគីឡូវ៉ាត់ម៉ោងតម្លៃខ្ពស់បំផុត ៧៥០រៀល។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានឧបត្ថម្ភធនលើតម្លៃអគ្គិសនីជូនដល់ពលរដ្ឋខ្វះខាត ដែលប្រើតិច ចន្លោះពីក្នុងមួយគីឡូវ៉ាត់ ម៉ោង ទៅ ១០ គីឡូវ៉ាត់ម៉ោងមានតម្លៃ ៣៨០រៀលប៉ុណ្ណោះ ។
«ដោយសារមានគោលនយោបាយរបស់រាជរដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋក្រីក្រហើយយើងដឹងថាប្រជាជននៅតាមទីជនបទមានជីវភាពខ្វះខាតគាត់ប្រើភ្លើងមិនសូវច្រើនទេអ៊ីចឹងរាជរដ្ឋាភិបាលមានទិសដៅជួយឧបត្ថម្ភធនអ៊ីចឹងតម្លៃភ្លើងក្នុងមួយគីឡូវ៉ាត់ម៉ោងធម្មតាតម្លៃ៣៣០រៀល អ្នកដែលប្រើតិច ចន្លោះពីមួយគីឡូវ៉ាត់ម៉ោងទៅ ១០ គីឡូវ៉ាត់ម៉ោងមានតម្លៃ ៣៨០ហ្នឹង គឺរាជរដ្ឋាភិបាលឧបត្ថម្ភធនឱ្យ ចឹងប្រជាជនបង់តែ១គីឡូវ៉ាត់ម៉ោងតែ៣៨០ ទេ អ៊ីចឹងខ្វះប៉ុន្មានរាជរដ្ឋាភិបាល ឧបត្ថម្ភធនតាមរយៈ អគ្គិសនីកម្ពុជា»។
លោកបន្តទៀតថា ប្រជាពលរដ្ឋខេត្តក្រចេះប្រមាណជា ៨០ភាគរយ បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨ភាគរយ នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់ខ្លួន។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញ ពីប្រទេសជិតខាង ផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន


