សារព័ត៌មានចក្រភពអង់គ្លេស៖ ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីឆ្នេរស្អាតបំផុតទាំង ២០លើពិភពលោក
ទេសចរណ៍ July 27, 2022 Khmernote

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃអង្គារថា ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនៃឆ្នេរស្រស់ស្អាតបំផុតទាំង ២០លើពិភពលោក ដែលចេញផ្សាយ​ដោយសារព័ត៌មានរបស់ចក្រភពអង់គ្លេសក្នុងខែនេះ។

សារព័ត៌មាន Daily Star របស់ចក្រភពអង់គ្លេសបានវិភាគលើការបង្ហោះនៅលើបណ្ដាញសង្គម Instagram និងអត្ថបទនៅលើ Google នៅលើឆ្នេរដែលមានពាក្យថា “ស្រស់ស្អាត” ដើម្បីចាត់ថ្នាក់ឆ្នេរស្អាតបំផុតទាំង ២០ នៅលើពិភពលោក។ ជាលទ្ធផល ឆ្នេរចំនួន ២ របស់ថៃបានស្ថិតក្នុងចំណោមចំណាត់ថ្នាក់ ដោយឆ្នេរ Sunrise នៅ Satun ជាប់ចំណាត់ទី៦ និង ឆ្នេរ Maya Bay របស់ Krabi ជាប់ចំណាត់ថ្នាក់ទី១២។ ដោយឡែកសម្រាប់ចំណាត់ថ្នាក់កំពូលទាំងបីក្នុងបញ្ជីឆ្នេរស្អាតបំផុតលើពិភពលោករួមមាន៖ ឆ្នេរ Venice របស់ Los Angeles, ឆ្នេរ Byron Bay របស់អូស្ត្រាលី និង El Nido របស់ហ្វីលីពីន។

យ៉ាងណាមិញ ចំពោះលទ្ធផលនេះ នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា ពេញចិត្តយ៉ាងខ្លាំង ហើយលោកថា រដ្ឋាភិបាល​នឹង​ផ្តោត​លើ​ផែនការ​ជំរុញ​ទេសចរណ៍​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​ជំរុញ​ការ​កម្សាន្ត​របស់​ភ្ញៀវបរទេស​នៅ​ឆ្នាំ​នេះ។ គួរបញ្ជាក់ផងដែរថា អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ភ្ញៀវទេសចរបរទេសនឹងឡើងដល់ ១.៥លាននាក់ក្នុងមួយខែ ចាប់ពីខែតុលាដល់ខែធ្នូ។ ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏បានព្យាករផងដែរថា ការមកដល់របស់ភ្ញៀវបរទេសសរុបក្នុងឆ្នាំនេះមានចំនួន ១០លាននាក់ ដែលនាំមកនូវប្រាក់ចំណូលពីទេសចរណ៍ចំនួន ១.៥ ទី្រលានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ production, gettingstamped, nationthailand, dailystar