ដំណឹងល្អ! ADB ចុះហត្ថលេខាផ្ដល់ប្រាក់កម្ចី ១៥លានដុល្លារ ដើម្បីជម្រុញវិស័យចំណីសត្វនៅកម្ពុជា
សេដ្ឋកិច្ច July 27, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ និង​ ​​ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២​បា​ន​ចុះ​ហ​ត្ថលេខាលើ ប្រាក់កម្ចីចំនួន ១៥ លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាម​​រយៈការពង្រីកសមត្ថភាពផ្ទុក និង​កែច្នៃ​ចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។

ការពង្រីកទំហំឃ្លាំង និង​ លទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយ​ប្រសិទ្ធផល។​ ​គម្រោងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើមបានកាន់តែច្រើនពីម្ចាស់​កសិដ្ឋាន ខ្នា​ត​តូចក្នុងស្រុក នៃ​ដំណាំ ពោត ស្រូវ ដំឡូងមី ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន តាមរ​យៈ​កា​រ​ប​ង្កលក្ខណៈ ដល់ការផ្គត់ផ្គង់ផលិតចំណីប្រ​កបដោ​យគុណ​ភាព​សម្រា​ប់ក​សិក​រចិ​ញ្ចឹម​ប​សុ​ស​ត្វ​ និង ត្រី។ ជាមួយការ វិនិយោគនានាលើឃ្លាំងផ្ទុក ផលិត​ផល​ពោត​គម្រោ​ងនេះ​ក៏គាំ​ទ្រដ​ល់​កា​រដំឡើងម៉ាស៊ីន​សម្ងួត​អាចរក្សាទុក បានកាន់តែយូរ និង​កាត់​បន្ថ​យហា​និភ័យ​ដែល​បណ្តា​ល​ម​កពីអាកាសធាតុ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បា​ន​មា​នប្រសាសន៍ថា “តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុ​ងជួ​យព​ង្រឹង​ខ្សែ​សង្វា​ក់ត​ម្លៃ​ចំ​ណី ធ្វើឱ្យប្រសើរឡើងនូវជីវភាព​រស់​នៅរបស់កសិករដំណាំចំណី បសុសត្វ និង​​ ត្រី ហើ​យ​គាំ​ទ្រសកម្មភាពកសិកម្ម ដែលមាន និរន្តរភាព និង ភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និង តម្លៃ សមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹង ផ្អែកលើការនាំចូល​ចំណីសត្វ”។

លោក Gabor Fluit នាយកប្រតិបត្តិ De Heus នៅអា​ស៊ីបា​នមា​នប្រ​សា​សន៍ថា “De Heus TMH ប្តេជ្ញាផ្តល់អំណាចដល់កសិករឯករាជ្យនៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ ADB រួមជា​មួយ​នឹង​ការ​ផ្តោត​កា​រ​យ​ក​ចិ​ត្ត​ទុកដាក់របស់យើងលើការបណ្តុះបណ្តាល និងការចែករំលែក ចំណេះ​ដឹង​ជាមួ​យ​នឹ​ង​បា​វ​ច​នា​ ‘ចំណេះដឹងសកល-ផលជះក្នុងតំបន់’ នឹងគាំទ្រ និង ពន្លឿនការអភិវឌ្ឍ ប្រក​បដោ​យចី​រ​ភា​ព​នៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៉ីនសម្រាប់សត្វនៅកម្ពុជា”។ ជំនួយបច្ចេកទេសមួយ​ នឹ​ង​គាំ​ទ្រ​ដ​ល់​ការបណ្តុះបណ្តាលសម្រាប់កសិករដាំពោតចំនួន ២០០០នាក់ និងកសិករចិញ្ចឹមមាន់ចំនួន ២០០០នាក់ ដែលភាគច្រើនជាស្ត្រី អំពីការអនុវត្តធ្វើឱ្យកសិដ្ឋានធន់​នឹងអាកាសធាតុ ព្រម​ទាំ​ង​អំ​ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការគាំទ្រកសិករជាស្រ្តី នឹងជួយពង្រឹងមុខកាងារ​របស់​ពួកគាត់​នៅ​ក្នុងកសិដ្ឋាន និង​ ជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មរបស់​ពួកគាត់​ផ​ង​​ដែរ។ ប្រតិបត្តិការនេះនឹងគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ១៣ (Asian Development Fund 13) Private Sector Window (PSW) តាមរយៈដំណោះស្រាយការធានាដោយផ្នែក (partial guarantee solution)។ PSW គាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ដោយផ្តល់ធនធាន ស​ម្រា​ប់​ហិ​រ​ញ្ញប្បទានដល់ផលិតផលហិរញ្ញវត្ថុដែលដោះស្រាយ និងកាត់បន្ថយឧបសគ្គទទួលបាន ហិ​រ​ញ្ញ​ប្បទានទូទៅដែលរារាំងប្រតិបត្តិការក្នុងវិស័យឯកជនជាច្រើន។

គួរបញ្ជាក់ផងដែរថា DH-TMH គឺជាអ្នក​ផលិ​ត​ចំ​ណី​សត្វធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាព ផលិតចំណីសត្វ​ ១៨​០​ ០០០តោន។ DH-TMH គឺជាក្រុមហ៊ុន​បណ្តាក់​ទុនរួមគ្នារវាង De Heus នៃប្រទេស ហូឡង់ (ដែល​ជា​អ្នកផ្គត់ផ្គង់ចំណីសត្វគ្រប់គ្រងដោយគ្រួសារលំដាប់ពិភពលោក ​ហើយបាន​ចាប់​ផ្តើម​ប្រ​តិ​ប​ត្តិ​ការរបស់ខ្លួនតាំងពីឆ្នាំ១៩១១) និងក្រុមហ៊ុន TMH Company Limited នៅប្រទេសកម្ពុជា។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិ​រ​ន្ត​រ​ភា​ព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុប​បំបា​ត់​ភា​ព​ក្រី​​ក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រ​ទេ​ស​ ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

ប្រភព៖ ក្រសួងព័ត៌មាន