អង់គ្លេស៖ យោងតាមសារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែកក្កដាថា អត្រាអតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៩.៤% នៅក្នុងខែមិថុនា ដោយសារតែការកើនឡើងតម្លៃអាហារ និងថាមពលបានប៉ះពាល់ដល់អាជីវកម្មនៅទូទាំងចក្រភពអង់គ្លេស ក៏ដូចជាការប្រឈមជាមួយនឹងការថយចុះនៃការចំណាយរបស់អតិថិជន ព្រោះតែតម្លៃនៃទំនិញគ្រប់យ៉ាងដូចជាហ្គាស អគ្គិសនី រហូតដល់អាហារ និងសម្លៀកបំពាក់បានឡើងថ្លៃខ្លាំង។ ខណៈដែលអ្នកវិភាគបានចេញមកព្រមានថាអតិផរណាអាចនឹងកើនឡើងខ្ពស់ដល់១២%នៅខែតុលានេះ ជាហេតុធ្វើឱ្យគ្រួសារស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងលើចំណាយបន្ថែមទៀត រួមទាំងការញ៉ាំអាហារក្រៅផ្ទះផងដែរ។
យោងតាមទិន្នន័យពីក្រុមហ៊ុនគណនេយ្យ UHY Hacker Young បង្ហាញថា ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ (ខែមិថុនា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២២) ភោជនីយដ្ឋានចំនួន ១,៤០៦ នៅចក្រភពអង់គ្លេសបានបិទទ្វារ ជាហេតុនាំអោយកើនឡើងស្មើទៅនឹង ៦៤% ធៀបនឹងឆ្នាំមុន ដោយសារតែកង្វះកម្លាំងពលកម្ម និងវិបត្តិនៃចំណាយប្រចាំថ្ងៃដែលបានកើតឡើងធ្វើឱ្យអ្នកប្រើប្រាស់ចង់កាត់បន្ថយការចំណាយ ទើបបណ្តាលអោយអាជីវកម្មភោជនីយដ្ឋានត្រូវបានបិទច្រើនជាងឧស្សាហកម្មផ្នែកសេវាកម្មដែលមានការក្ស័យធនកើនឡើងជាង ៥៦% ក្នុងអំឡុងពេលជាមួយគ្នា។
ចំណែកលោក Peter Kubic ដែលជាដៃគូនៅក្រុមហ៊ុន UHY Hacker Young Accounting Firm បាននិយាយថា «សម្ពាធកំពុងតែកើនឡើងនៅក្នុងវិស័យភោជនីយដ្ឋានជារៀងរាល់ថ្ងៃ ហើយនេះក៏ជាកត្តាដែលនាំអោយភោជនីយដ្ឋានបិទទ្វាកាន់តែច្រើនឡើង»។ បើទោះជាមានភោជនីយដ្ឋានមួយចំនួនដែលនៅតែអាចបន្តអាជីវកម្មរបស់ខ្លួនអោយរួចផុតពីវិបត្តិនៃជំងឺរាតត្បាត COVID-19 កន្លងមក ក៏ព្រោះតែមានការគាំទ្រពីរដ្ឋាភិបាល ប៉ុន្តែឥឡូវនេះអាជីវកម្មទាំងនោះក៏កំពុងប្រឈមមុខនឹងបញ្ហា អតិផរណាខ្ពស់ ជាហេតុនាំអោយកង្វះកម្លាំងពលកម្មក្រោយ Brexit បានជំរុញឱ្យតម្លៃប្រាក់ឈ្នួលឡើងកាន់តែខ្ពស់ ខណៈពេលដែលអំណាចទិញថយចុះ។
គួរបញ្ជាក់ផងដែរថា៖ តាមរយៈការត្រួតពិនិត្យថ្មីៗនេះ បានរកឃើញថា មួយភាគបួននៃជនជាតិអង់គ្លេស ប្រើវិធីតមអាហារ ដោយសារសម្ពាធអតិផរណា និងវិបត្តិស្បៀងអាហារពិភពលោក៕

អត្ថបទ៖ Bee
ប្រភព៖ prachachat


