រយៈពេល ៦ខែនៃឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសចិនជាង ១០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៨៨លានដុល្លារ
សេដ្ឋកិច្ច July 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា សម្រាប់រយៈពេល ៦ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិនមានចំនួន ១៦៨ ២៨០ តោន ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ៨៨.១២ លានដុល្លារអាមេរិក ដែលបរិមាណនាំចេញនេះគ្របដណ្តប់ប្រមាណជាជាង ៥១% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងឆមាស ទី១ ឆ្នាំ២០២២។ លោក លន់ យ៉េង បានមានប្រសាសន៍បែបនេះ ក្នុងវេទិកាអនឡាញស្តីពី «វិស័យកសិកម្មកម្ពុជា-ចិន» នាពេលថ្មីៗនេះ។

លោកបន្តថា ដោយឈរលើស្មារតីមិត្តភាព ចំណងសាមគ្គីភាព និង ឆន្ទៈដ៏មុតស្រួចរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រួមទាំងផ្នែកកសិកម្ម និងពាណិជ្ជកម្ម សម្រាប់រយៈពេលទៅមុខ សម្រាប់វិស័យ ឯកជនរបស់កម្ពុជា លោកមានសង្ឃឹម និងជឿជាក់ថា ដំណើរការដាំដុះ ផលិតកម្មកែច្នៃ និងបរិមាណនៃការនាំចេញអង្ករទៅកាន់ទីផ្សាររបស់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តនានារបស់ប្រទេសចិន នឹងបន្តកើនឡើងឥតឈប់ឈរ។

សូមបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០២២ នេះ កម្ពុជាបានចុះនិងអនុវត្តលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន ចំនួន ៦លើក ពាក់ព័ន្ធនឹងការនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលនៅ ឆ្នាំ២០១៤ ឆ្នាំ២០១៥ ឆ្នាំ២០១៦ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ រហូតមកត្រឹមខែមិថុនា ឆ្នាំ២០២២នេះ បរិមាណនៃការនាំចេញអង្ករ ទៅប្រទេសចិនស្ថិតក្រោមអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួនកូតា៤០ម៉ឺនតោន ហើយមកដល់ពេលនេះសម្រេចបាន ៤៥% ហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន