មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃសុក្រថា កសិករដាំមង្ឃុតនៅតំបន់ភាគខាងកើតក្នុងប្រទេស បាននាំគ្នាកាប់ដើមមង្ឃុតចោលយ៉ាងច្រើនដើម ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសារទុរេនលក់បានថ្លៃ។ លោក Chonlatee Numnoo ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មភូមិភាគទី៦ បានសរសេរក្នុងហ្វេសប៊ុកថា៖ “ថ្វីត្បិតតែផ្លែមង្ឃុតបាននាំចេញដល់ទៅ ១៤ម៉ឺនតោនក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនទាក់ទាញដូចផ្លែទុរេនទេ”។
លោកបន្តថា៖ “ដូច្នេះវាមិនចម្លែកទេដែលចម្ការមង្ឃុតជាច្រើនត្រូវបានប្រែក្លាយទៅជាចម្ការទុរេន។ ថ្ងៃមុនខ្ញុំបានប្រទះឃើញឡានដឹកអុសដែលកាប់ពីដើមមង្ឃុត វាគួរឱ្យស្ដាយព្រោះមង្ឃុតត្រូវចំណាយពេលច្រើនឆ្នាំដើម្បីដាំដុះឱ្យធំឡើង។ ជាមួយគ្នានេះដើមមង្ឃុតរស់បានយូរជាងដើមទុរេនទៅទៀត”។
គួរបញ្ជាក់ផងដែរថា តម្លៃមង្ឃុតមានការប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចន្លោះពី ២០ ទៅ ៥០ បាតក្នុងមួយគីឡូក្រាម។
បើតាមមន្ត្រីដដែល អ្នកដាំមង្ឃុតបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានតម្លៃមិនស្ថិតស្ថេរ ការទប់ស្កាត់តម្លៃដោយឈ្មួញកណ្តាល ប្រាក់ឈ្នួលខ្ពស់របស់អ្នកកម្មករប្រមូលផល និងកង្វះឧស្សាហកម្មកែច្នៃសម្រាប់ផ្លែឈើដែលមិនអាចនាំចេញបាន។ ទន្ទឹមនឹងនេះ លោកបានកត់សម្គាល់ថា អាជ្ញាធរថៃហាក់មានការចាប់អារម្មណ៍លើផ្លែទុរេនច្រើនជាង៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ nationthailand, producereport


