មន្ត្រីជប៉ុន សន្យាបង្កើនឥណទានសម្បទានទ្វេដងសម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា
សេដ្ឋកិច្ច July 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោ ងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan) ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និងសូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើប្រសិទ្ធភាព,ចីរភាពសំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច្-សង្គមឱ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

តាមការគូសបញ្ជាក់ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន